រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត

  • 483
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តកំពតមានរៀបចំពិធីប្រកាសទទួលប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម នាយឧត្តមសេនីយ៍ ផួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។

បានអញ្ជើញចូលរួមជាកិត្តិយស និងសមាជិក សមាជិកានាឱកាសនេះរួមមាន៖ ឯកឧត្តម ប្រតិភូអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញ លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ក្រុង និងជាប្រធានកិត្តិយស ស អ ក ក្រុង ស្រុក លោកអធិការ និងជាប្រធាន ស អ ក ក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ជាប្រធានកិត្តិយស ស អ ក ឃុំ សង្កាត់ លោកមេប៉ុស្តិ៍ប្រធានសាខា ស អ ក ឃុំ សង្កាត់ និងបងប្អូនអតីតយុទ្ធជនសរុបប្រមាណ ៣១១នាក់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស អ ក ខេត្តកំពត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ នៃរដ្ឋសភា ក្រោមការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយមានកំណែទម្រង់ស៊ីជម្រៅក្រោមការដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានផ្តល់នូវកាលានុវត្តភាព ដល់ខេត្តកំពត ក្នុងការដឹកនាំ និងអភិវឌ្ឍខេត្តមានការរីកចម្រើនឈានឡើងជាលំដាប់លើគ្រប់វិស័យ ជាមួយនិងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការចូលរួមសហការដ៏ល្អពីប្រជាជន ជាមួយគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ បានផ្តល់ឱកាសដ៏ល្អប្រពៃសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន ដែលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែរីកចម្រើនប្រសើរឡើង។

ជាមួយគ្នានេះផងដែរ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិរបស់ស្ថាប័នអង្គភាពជំនាញជាបន្តបន្ទាប់ ដោយធ្វើការកែសម្រួលបន្ថែមនូវរបបសន្តិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជនក្នុងការធានាផលប្រយោជន៍ សម្រាប់ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាពជាដើម។ ស្របពេលនឹងការធ្វើកំណែទម្រង់ស៊ីជម្រៅ បានធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនៃនីតិវិធីក្នុងការបើកផ្តល់ប្រាក់សោធននិវត្តន៍ របបឧបត្ថម្ភផ្សេងៗបានឆាប់រហ័ស និងមានតម្លាភាព ដល់បងប្អូនអតីតយុទ្ធជន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគួរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនរបស់យើង។ ឯកឧត្តមបានបញ្ជាក់ថាការបូជាសាច់ស្រស់ ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុកសាងមាតុភូមិកម្ពុជា គឺដើម្បីការពារមិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាលើកទី២ ព្រមទាំងបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ហើយការបាត់បង់នូវកាយសម្បទារបស់បងប្អូន គឺជាគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរកនូវសុខសន្តិភាពជូនជាតិមាតុភូមិខ្លួន។

កត្តាសន្តិភាពនេះហើយ បានធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីទីប្រជុំជន រហូតដល់ជនបទ ក្រោមការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នូវគោលនយោបាយឈ្នះឈ្នះ ក្នុងការបញ្ចប់សង្រ្គាមរាំរ៉ៃនៅកម្ពុជា និងប្តូរយកមកវិញនូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន មានភាពប្រសើរឡើង។ ជាការពិតណាស់ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា សម្តេចមិនបានបោះបង់ចោល បងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីតកាលធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការដោយសារសង្រ្គាមផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមបាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ ដោយម្នាក់ៗទទួលបានអង្ករ១បាវ មី១កេះ ត្រីខមួយយួរ ព្រមទាំងថវិកាឯកឧត្តម អភិបាលខេត្តក្នុង១នាក់ ៥ម៉ឺនរៀល ថវិកាឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក្នុង១នាក់៥ម៉ឺនរៀល និងថវិកាលោកឧកញ៉ា វិញ ហ៊ួរ ក្នុង១នាក់៥ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង