
រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ឆ្នាំ១៩៥៣ ក្រោមព្រះរាជភោជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ។
ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពត ថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប មានចំនួន ៥៤៤ នាក់។















