រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ខេត្តកំពតរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១

  • 450
  • ដោយ savuth

ព្រឹកថ្ងៃអង្គា ៥កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសម្ដែងនូវទឹកចិត្តសោមន្ស រីករាយ អបអរសារទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ នូវ ឯករាជ្យជាតិពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ថ្ងៃនេះរដ្ឋបាលខេត្តកំពតបានរៀបចំពីធីខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យ ជាតិ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១។

អង្គពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាពេលនេះបានប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ បានអញ្ជើញចូលរួមជាកិត្តិយស និងសមាជិកសមាជិកាក្នុងឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងកម្លាំងទាំបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាល ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្ស និសិត្ស សកលវិទ្យាល័យក្នុងខេត្តកំពត សរុបប្រមាណជិត ៤០០ នាក់។

អត្ថបទទាក់ទង