រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពត

  • 790
  • ដោយ savuth

ថ្ងៃអង្គារ​ ១៥​ កេីត​ ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២១​ ខែកញ្ញាឆ្នាំ២០២១​ នៅសាលាខេត្តកំពត ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជេីញចូលរួម​ពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត​។

តាមប្រកាសត្រូវបានតែងតាំងលោក​ អេង​ ប៉ូឡូ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពត​ ជំនួស​ លោក ស៊ុយ​ ធា​ ដែលត្រូវផ្លាស់ទៅទទួលភារកិច្ចថ្មីជា ប្រធាននាយកដ្ឋានអភិរក្សសមុទ្រនិងឆ្នេរ នៅទីស្តីការក្រសួងបរិស្ថាន។

មានប្រសាសន៍ស្វាគមន៍នៅក្នុងពិធីនោះ ឯកឧត្ដម ជាវ​ តាយ​ បានចូលរួមអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះលោក​ អេង​ ប៉ូឡូ​ ដែលត្រូវបានក្រសួងបរិស្ថានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកំពតនាពេលនេះ​ ឯកឧត្ដមសង្ឃឹមទុកជាមុនថា ប្រធានមន្ទីរថ្មីនេះនឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈចំណេះដឹងសមត្ថភាព និងបទពិសោធដែលមានពីមុនមកដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រងមន្ទីរបរិស្ថានខេត្តកំពតឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។ ឯកឧត្ដមអភិបាលខេត្ត ក៌បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ​ និងអនុប្រធានមន្ទីរ​ អស់លោក​ លោកស្រី​ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរបរិស្ថានខេត្តកំពតសូមយកចិត្តទុកដាក់ពិនិត្យ និងអនុវត្តនូវតួនាទីរបស់ខ្លន​ ក្នុងន័យធានាបង្កើនប្រសិទ្ធភាព និងលទ្ធផលការងារឲ្យបានកាន់តែខ្លាំងក្លាជាងបណ្ដាឆ្នាំមុន​ៗ​ ហើយដើម្បីធ្វើបែបនេះបានទាមទារឲ្យមានឆន្ទៈច្បាស់លាស់ម៉ឺងម៉ាត់ និងមានការចូលរួមទាំងអស់គ្នាប្រកបដោយការទទួលខុសត្រូវ។

មានប្រសាសន៍ក្នុងពិធីនាឱកាសនោះ ឯកឧត្តម នេត ភត្រ្តា ក្នុងនាមក្រសួងបរិស្ថាន សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលតែងគាំទ្រ ចំពោះការអនុវត្តវិធានការនានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត ថ្មីៗនេះឆ្លើយតបទៅនឹងសំណូមពររបស់ក្រសួងមរិស្ថាន ស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឲ្យបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ដី ឬប្រើប្រាស់ដី លិខិតទិញលក់ដីឬលិខិតប្លង់បង្ហាញទីតាំងដីស្ថិតក្នុងតំបន់ការពារធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ជាលទ្ធផលមេឃុំ ចៅសង្កាត់បានអនុវត្តតាមការណែនាំនេះ។

ឯកឧត្តម បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានថ្មី សូមបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ការផ្តល់សេវាសាធារណ ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិ ប្រជាជន ត្រូវមានកិច្ចសហការល្អជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រងស្ថានការលើវិធានការទប់ស្កាត់បទល្មើសដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្បន្ន ដោះស្រាយជាបន្ទាន់នូវបញ្ហាសំណល់រឹង សំណល់រាវ លើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងអភិក្សឧទ្យានជាតិ ពិសេសតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន និងគិតគូរពីសុខទុក្ខរបស់មន្ត្រីឧទ្យាននុរក្សនៅចំណុះមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អ ប្រកបដោយកិច្ចសហការជិតស្និតជាមួយអង្គភាពពាក់ព័ន្ធក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។

អត្ថបទទាក់ទង