រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យដើម្បីបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត

  • 626
  • ដោយ savuth

រសៀលថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យដើម្បីបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំយុវជននិងកីឡា ប្រធានមន្ទីរសុខាភិបាល កងកំលាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក នាយកទីចាត់ការសាលាខេត្ត សរុប ២៥រូប។

ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ និងការបូកសរុបលទ្ធផលកិច្ចប្រជុំ៖
១. ស្នើ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវវាយតម្លៃអំពីសាលាដែលត្រូវបើកដំណើរការឡើងវិញឲ្យបានច្បាស់លាស់ក្នុងការធានាកុំឲ្យមានបញ្ហាប្រឈម ឬហានិភ័យកើតឡើង ដោយត្រូវយកសេចក្តីណែនាំលេខ ៤៦ របស់ក្រសួងអប់រំយុវជន និងកីឡា ទៅអនុវត្តឲ្យបានហ្មត់ចត់។
២. លោក លោកស្រី អភិបាលស្រុក ក្រុង ត្រូវវាយតម្លៃអំពីស្ថានភាពជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ក្នុងការលើកសំណើបើកសាលាឡើងវិញទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ព្រមទាំងត្រូវជំរុញឲ្យមានការសំអាតសាលារៀនឲ្យបានគ្រប់សាលាទាំងអស់។
៣. ក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយឲ្យកុមារអាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វាក់សាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវរៀបចំស្ថិតិនៃការចាក់វាក់សាំងឲ្យបានច្បាស់លាស់។
៤. មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង ស្រុក ដែលកំពុងដំណើរការ សូមរក្សាសិន រង់ចាំពិនិត្យឡើងវិញ នៅពេលក្រោយបន្តទៀត។
៥. សូមពន្លឿនធ្វើផែនការបើកសាលាឡើងវិញឲ្យបានលឿន។

ឯកឧត្តម អភិបាលខេត្ត នឹងដឹកនាំកិច្ចប្រជុំលើកទី២ ម្តងទៀត ដើម្បីត្រួតពិនិត្យលើលទ្ធផលនៃការងារនេះ។

អត្ថបទទាក់ទង