រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពតអញ្ជើញបញ្ចុះបឋមសីលាសាងសង់បុស្បុក តម្កល់ រូបសំណាកព្រះសពព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណខេត្តកំពត

  • 448
  • ដោយ savuth

ដើម្បីការនឹករលឹកដឹងគុណ និងបានជាមរតកមួយដ៏មានតម្លៃទុកជាទីគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន នៅរសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ នៅវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានធ្វើពិធីតាមព្រះពុទ្ធសាសនាដើម្បី បញ្ចុះបឋមសីលាសាងសង់ បុស្បុកតម្កល់រូបសំណាក ព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណខេត្តកំពត ក្រោមការអញ្ជើញនិងនិមន្តចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវ តាយ ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ថុង ធារី ជឹង ផល្លា មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និងព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រមក្នុងខេត្ត។

នៅក្នុងពិធីនាឱកាសនោះព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តជុំក្រៀល បានមានសង្ឃដីកាឱ្យដឹងអំពីគម្រោងនៃការសាងសង់ សំណង់បុស្បុក តម្កល់រូបសំណាកនេះ គឺមានខឿនក្រោម ទំហំ៨,៤០ម៉ែត្រ គុណនឹង៨,៤០ម៉ែត្រ និងតួបុស្បុកមានទំហំ ៣,៣៦ម៉ែត្រ គុណនឹង៣,៣៦ម៉ែត្រ មានកម្ពស់១២,១៥ម៉ែត្រ រីឯចំណែករូបសំណាកវិញ ធ្វើអំពីស្ពាន់ទ្រង់ព្រះភ្នែន មានទំហំ១,២០ម៉ែត្រ ដែលសំណង់ទាំងពីរនេះត្រូវចំណាយថវិកាអស់ចំនួនប្រមាណ៤៥.០០០ដុល្លារ។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ កោតសសើរ ដល់ទឹកចិត្តដ៏ប្រពៃ ប្រកបដោយជ្រះថ្លាក្នុងផ្លូវគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការប្រជាពុទ្ធបរិស័ទរួមនឹងសប្បុរសជននានា ដែលបានចូលរួម បច្ច័យក្នុងការកសាង បុស្បុកតម្កល់រូបសំណាកព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណខេត្តកំពតដើម្បីបានជាមរតកមានតម្លៃមួយ ទុកជាទីគោរពសក្ការបូជា របស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមអភិបាលខេត្តក៏បានឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពី សទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និងសប្បុរសជន ឲ្យទទួលបាននូវ ចំរុងចំរើន និងភាពជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន និងជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។ តែទោះបីយ៉ាងណា ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវនឹងជំរុញឱ្យប្រជាពលរដ្ឋចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន តាមការអំពាវនាវណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដើម្បី យើងរួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្ដាច់ជំងឺដ៏កាចសាហាវនេះកុំឲ្យចូលក្នុងសហគមន៍បន្តទៀត។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានចូលរួមបច្ច័យបង្គ្រប់ចំនួន១ម៉ឺនដុល្លារ លើបច្ច័យដែលប្រមូលបានក្នុងពិធីនេះមានចំនួន ៥ លាន៥៥ ម៉ឺនរៀល ព្រមទាំងបានជូនថវិកាសរុបចំនួន ១,៨០០,០០០រៀល ជូនដល់តាជី យាយជីចំនួន៥៦នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០៛ ស្មើ១,១២០,០០០៛ និងកងកម្លាំងចំនួន៣៤នាក់ ក្នុងម្នាក់ៗ២០,០០០៛ ស្មើ៦៨,០០០៛។

អត្ថបទទាក់ទង