រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តដល់កុមារ និងយុវវ័យថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត

  • 712
  • ដោយ savuth

យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ ឆ្នាំ ដល់អាយុក្រោម១៨ ឆ្នាំ បានចាប់ដំណើរការព្រមគ្នាក្នុង ក្រុង ស្រុកទាំង៩ ទូទាំងខេត្តកំពត ដោយបានចាប់ផ្ដើមពីថ្ងៃទី២៥ ខែសីហា នេះតទៅ ហើយបើផ្អែកតាមគម្រោងផែនការរបស់រដ្ឋបាលខេត្តបានប្រកាសជូនដំណឹងការចាក់នេះសំដៅទៅលើកុមារ និងយុវវ័យដែលមានចំនួនប្រមាណ ៧៨,៧០០នាក់ ជាប្រភេទវ៉ាក់សាំង(Sinovac) ។

ដើម្បី ឲ្យការ ប្រព្រឹត្តទៅទទួលបានលទ្ធផលមានភាពរលូនប្រសើរ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអមដំណើរ ពីអភិបាលរងខេត្តថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តបានអញ្ជើញចុះទៅជួបសំណេះសំណាលនិង ផ្ដល់ការជំរុញលើកទឹកចិត្ត ដល់កុមារ និងយុវវ័យឪពុក ម្ដាយ អាណាព្យាបាល ព្រមទាំងក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុងយុទ្ធនាការថ្ងៃដំបូងនៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យក្នុងក្រុងកំពត ក៏ដូចជានៅក្នុងទូទាំងខេត្តកំពតទាំងមូលផងដែរ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ពិសេសថ្ងៃនេះការបន្តចាក់ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅព្រមទាំងសុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសក្នុងបរិបទកូវីដ១៩ ដ៏សែនលំបាកនេះ ក្រៅពីការដាក់ចេញនូវ វិធានការ ចំណាត់ការ បទបញ្ជាក៏ដូចជាសាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការឆ្លងរីករាលដាល់ជងឺកូវីដ-១៩។ សម្តេចតេជោបានខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់គ្នាពិសេសក្នុងពេលនេះបន្តការចាក់ជូនដល់កុមារនិងយុវវ័យ ដើម្បីកាត់ផ្ដាច់នូវការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅទៅមុខនឹងបើកសាលារៀនជូនដល់កុមារនិងយុវវ័យឲ្យបានចូលរៀនឡើងវិញទាំងអស់គ្នាផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋ ពិសេសឪពុក ម្ដាយ អាណាព្យាបាល សូមបញ្ជូន កុមារ និងយុវវ័យទាំងអស់ មកទទួលឲ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឲ្យបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ជាមួយឱកាសនោះតំណាងកុមារនិងយុវវ័យ នៃខេត្តកំពតទាំងមូល បានចូលរួមសម្ដែងនូវក្ដីរីករាយនៃការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ការពារសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់កុមារ និងយុវវ័យក្នុងគោលដៅទៅមុខនិងបានបើកសាលាចូលសិក្សារៀនសូត្រទាំងអស់គ្នាឡើងវិញ។ តំណាងកុមារនិងយុវវ័យក៏បានជូនពរឲ្យសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន មានអាយុយឺនយូរដើម្បីជាម្លប់ដឹកនាំនាវាកម្ពុជា ក្នុងដំណើរការអភិវឌ្ឍឲ្យបានកាន់តែរីកចម្រើននិងជីវភាពប្រជាពលរដ្ឋក៏បានកាន់តែធូរធារប្រសើរឡើងថែមទៀត។

អត្ថបទទាក់ទង