រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ក្នុង ឃុំចំនួន៣ នៃស្រុកទឹកឈូ

  • 223
  • ដោយ savuth

នៅព្រឹកថ្ងៃព្រហស្បតិ៍១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អញ្ជើញចុះទៅដល់ ភូមិត្រពាំងព្រីងខាងជើងស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខនិងជំរុញការដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដែលបានស្នើសុំបញ្ហាកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ ។

គ្រួសារប្រជាពលរដ្ឋ ដែលកង្វះថាមពលអគ្គិសនីប្រើប្រាស់ និងបានស្នើ ដល់ថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ដោះស្រាយពេលនេះគឺមានប្រជាពលរដ្ឋ រស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំចំនួន៣ សរុបចំនួន ៣៦៥គ្រួសារ ។ ក្នុងនោះមានគ្រួសារប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយចំណែកឯ គ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញ អគ្គីសនីបានតប្រើប្រាស់ថ្មី ប៉ុន្តែគុណភាពភ្លើងមានការរអាក់រអួលនិងខ្សោយទើបសំណូមពរឲ្យបង្កើនគុណភាពបន្ថែម។

តាមការលើកឡើង នៅក្នុងឱកាសនោះពីសេវាករអគ្គិសនី ក៏ដូចជំនាញ មូលហេតុកង្វះខាតបណ្ដាញអគ្គិសនីតចូលមកក្នុងតំបន់នេះ ដោយសារមានបញ្ហាប្រឈមមួយចំនួន ពីព្រោះតំបន់នេះជាតំបន់ដាច់ស្រយាល មានផ្ទះ និងការរស់នៅ របស់ប្រជាពលរដ្ឋភាគច្រើននៅចំការតាមជើងភ្នំ ដាច់ឆ្ងាយពីគ្នា មានការអភិវឌ្ឍថ្មីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ។ តែទោះបីយ៉ាងណាជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាគម្រោងនឹងបានសហការគ្នាជំរុញការអនុវត្តក្នុងការដាក់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ខាងមុខនេះ។

ទោះបីយ៉ាងណាជាការឆ្លើយតប និងការដោះស្រាយ សំណូមពរជូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុកវិស័យអាទិភាព ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ជាវិស័យសំខាន់។ ដូច្នេះ បញ្ហាកង្វះខាត ថាមពលអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងនាមជាអាជ្ញាធរ និងជំនាញក៏ដូចជាសេវាករ មិនត្រូវព្រងើយកន្តើយ ដាច់ខាតត្រូវតែរួមសហការគ្នាជំរុញការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ឆាប់បំផុត។

ដូច្នេះដើម្បីពន្លឿនការដោះស្រាយ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដើម្បីឲ្យក្រុមការងារអនុវត្ត និងដោះស្រាយឱ្យមានថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងតំបន់នេះ៖
១-ត្រូវបង្កើតក្រុមការងារដែលមានអង្គភាពជំនាញ និងអាជ្ញាធរចូលរួមសហការជាជំហានដំបូងដើម្បីសិក្សាអោយបានលឿនឆាប់រហ័ស។
២-ជំរុញការអនុវត្តនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២១នេះយ៉ាងយូរដើម្បីដាក់តបណ្ដាញអគ្គិសនី។
៣-ត្រូវធ្វើយ៉ាងយូរនៅដើមឆ្នាំ២០២២នេះ ឱ្យមានបណ្ដាញអគ្គិសនីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងមូលដ្ឋាននេះ។

ក្នុងឱកាសនោះដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់ តម្រូវការក្នុងគ្រួសារប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តក៏បាន ជូនឧបករណ៍អគ្គិសនី ប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) សម្រាប់គ្រួសារ ប្រជាពលរដ្ឋដែលខ្វះខាតអគ្គិសនីប្រើប្រាស់ ២៧៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមួយគ្រឿង។

អត្ថបទទាក់ទង