រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ (ដូសជំរុញ) ជូនអតីតយុទ្ធជន និងកងទ័ព ព្រមទាំងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅបញ្ជាការដ្ឋានតំបន់សឹករងកំពត

  • 532
  • ដោយ savuth

នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព មួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ (អាស្ត្រាហ្សេនីកា)
ជូនអតីតយុទ្ធជន និងកងទ័ព ព្រមទាំងក្រុមគ្រួសារ ដែលកម្មវិធីនេះបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត។

មានប្រសាសន៍សំណេះសំណាល ឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបាន ថ្លែងអំណរគុណកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ទាំងស៊ីវិល និងយោធា ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច របស់ខ្លួន ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺ កូវីដ១៩ដែលជាជំងឺឆ្លងសកល។

ឯកឧត្តមបានបន្ថែមទៀតថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងពីរតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ក៏ដូចជាបងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនមិនដែលភ្លេចម្ដងណាឡើយ។ ការជាក់ស្ដែងនៅពេលនេះស្រាប់ សម្ដេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើង រហូតមកទល់ពេលនេះបានប្រមាណ ៨០ភាគរយនៃចំនួនផែនការសរុបដប់លាននាក់ និងកំពុងបន្តចាក់ ដល់ក្មេង និងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៨ឆ្នាំ និងបានបន្តជំរុញចាក់ ដូសទី៣ ជូនកងកម្លាំង មន្ត្រីរាជការជួរមុខ និងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋងាយប្រឈមការឆ្លងជំងឺកូវីដ១៩នេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តទៀតថា បើទោះបីបច្ចុប្បន្នកម្ពុជាយើង ក៏ដូចជានៅក្នុងខេត្តកំពតការឆ្លងជំងឺកូវីដ១៩ មានការឆ្លងថយចុះធូរស្បើយយ៉ាងណាក្ដី ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ផ្ដាំផ្ញើពិសេសកងកម្លាំង និងក្រុមគ្រួសារអតីតយុទ្ធជនដែលបានទទួល ការចាក់វ៉ាក់សាំងដូសទី៣នេះ ក៏ពិតមែន តែសូមបងប្អូន បន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំសុខាភិបាល ក៏ដូចការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន គឺការអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រភេទ (អាស្ត្រាហ្សេនីកា) ដូសទី៣ឬដុសជំរុញសម្រាប់ខេត្តកំពត ដើម្បីធ្វើការចាក់ជូនបងប្អូននិងក្រុមគ្រួសារអតីតយុទ្ធជនខេត្តកំពត ចំនួន ៤.២៣៨ នាក់។

អត្ថបទទាក់ទង