រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ តាមប្រព័ន្ធអនឡាញ Zoom

  • 467
  • ដោយ savuth

ព្រឹកថ្ងៃ អង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាការកសាងអាជីវកម្មប្រកបដោយជោគជ័យ តាមប្រព័ន្ធអនឡាញ (Zoom) ដែលមានការអញ្ជើញចូលរួមពី លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តកំពត ឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តកំពត ដែលមានការជួយឧបត្ថម្ភពី ធនាគារឯកទេសវីង ធនាគារព្រីនស៍ ក្រុមហ៊ុនមិត្តហ្វូន អង្គការតម្លាភាពកម្ពុជា និងក្រុមហ៊ុន ប៊ី អេស លេន អេន ហូម ខូ អិលធីឌី។

ថ្លែងបើក អង្កសិក្ខាសាលា ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ ដោយសារនៅក្នុងខេត្តកំពត មានសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តមានចំនួន សរុប ៥២មូលដ្ឋាន ដែលកំពុងត្រូវការ ចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមឲ្យពួកគាត់ដែលជាម្ចាស់សហគ្រាសទាំងនោះដែលនៅមានកង្វះខាតជាច្រើនទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសរសើរ ចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសាខាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តកំពត ព្រមទាំងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងដៃគូរឧបត្ថម្ភនានា ព្រមទាំងអង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាវាគ្មិនចូលរួមធ្វើបទបង្ហាញទាំងអស់បានរួមសហការគ្នាផ្តួចផ្តើម រៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើងជាប្រយោជន៍យ៉ាងសំខាន់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកំពត ទទួលបានចំណេះដឹងថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សមាជិកដែលមានវត្តមាននៅក្នុង អង្គសិក្ខាសាលានាថ្ងៃនេះ ក្រោយពីបានខិតខំយកចិត្តទុកដាក់ទទួលការបណ្តុះបណ្តាលពេញមួយថ្ងៃនេះ នឹងយកចំណេះដឹងទាំងអស់នេះទៅកសាងអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យបន្ថែមទៀត។

សូមជម្រាបថា ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងជំរុញលើកកម្ពស់សមត្ថភាព ចំណេះដឹង ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ឱ្យមានការយល់ដឹងពីការរៀបចំខ្លួនឱ្យសមស្របនឹងនីតិវិធី ក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ជាពិសេស កម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ។

អត្ថបទទាក់ទង