រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំបន្ទាន់ ស្ដីពីការអនុវត្តបទបញ្ជាណែនាំសម្ដេចតេជោ និងសារាចរលេខ០៥ របស់រាជរដ្ឋាភិបាលកម្ពុជា

  • 996
  • ដោយ savuth

ដើម្បីអនុវត្តនូវបទបញ្ជា ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាសារាចរលេខ០៥សរ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចំណាត់ការអនុវត្តជាក់ស្ដែងបន្ទាន់មួយចំនួនទៀតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩
តាមរយៈកិច្ចប្រជុំវីដេអូ Zoom ពីបណ្ដារាជធានី ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ស្ដីពីការទទួលដឹកជញ្ជូន និងការផ្គត់ផ្គង់គ្រប់គ្រង ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃតាមផ្លូវគោក។

នៅសាលប្រជុំសាលាខេត្តនារសៀលថ្ងៃដដែល រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និងកងកម្លាំង អាជ្ញាធរ ក្រុង ស្រុក ដើម្បី ពិនិត្យ ពិភាក្សាការអនុវត្តនូវបទបញ្ជាណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាសារាចរលេខ០៥ សរ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់អំពីការត្រៀមលក្ខណៈរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់ការទទួលពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោកក្នុងករណីវិលត្រឡប់នាពេលខាងមុខនេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន តែងបានខិតខំដោះស្រាយ និងដាក់ចេញនូវចំណាត់ការវិធានការសំខាន់ៗគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រង និងជំរុញការណែនាំដល់បណ្ដា រាជធានី ខេត្ត ឲ្យមានការយកចិត្តទុកដាក់អនុវត្ត ចំពោះបញ្ហាការប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តក៏បានលើកបញ្ជាក់ទៀតថា នៅចំពោះមុខស្ថានភាព វិវត្តយ៉ាងលឿននៃការឆ្លងនូវជំងឺកូវីដ-១៩ នារយៈពេលចុងក្រោយនេះ ពិសេសមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលធ្វើឲ្យយើងទាំងអស់គ្នា ពិសេសការបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ បាននឹងកំពុងខិតខំយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺដ៏កាចសាហាវនេះ។ ដូច្នេះដើម្បីអនុវត្តនូវបទបញ្ជានិងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសារាចរលេខ០៥ ឱ្យមានប្រសិទ្ធភាព នៅចំពោះមុខស្ថានការណ៍ ដែលគួរឲ្យព្រួយបារម្ភនេះ សូមស្នើឲ្យជំនាញពាក់ព័ន្ធ អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក ទាំងអស់ ត្រូវចូលរួមសហការគ្នា ត្រៀមលក្ខណៈអនុវត្តឲ្យបានល្អ ទាំងការរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ រួមនឹងការទំនុបបម្រុងផ្គត់ផ្គង់ស្បៀងអាហារសម្ភារៈប្រើប្រាស់ ឲ្យបានល្អ។

ក្នុងកិច្ចប្រជុំ តាមរបាយការណ៍ពីរដ្ឋបាលក្រុង ស្រុក ក្នុងខេត្ត បច្ចុប្បន្នមានមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងដំណើរការប្រើប្រាស់មានចំនួនជាង ១០០០គ្រែ ហើយរដ្ឋបាលខេត្តនិងខិតខំបន្តជម្រុញ បង្កើនឲ្យបានដល់ចំនួនជាង៣ពាន់គ្រែយ៉ាងតិចក្នុងជំហានដំបូងសម្រាប់ការទទួលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានប្រគល់នូវសម្ភារៈប្រើប្រាស់ វេជ្ជសាស្ត្រ ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៨ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងមួយក្រុង ស្រុក អាវការពារមេរោគឆ្លងចំនួន២៥០ អាវ នឹងជែលលាងសម្អាតដៃ៣០ដបផងដែរ។

អត្ថបទទាក់ទង