រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំណែនាំជម្រុញដល់មន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត ជាផ្លូវការ

  • 964
  • ដោយ savuth

នៅថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃអង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុងបូកគោដែលជាក្រុងទើបបង្កើតថ្មី ដើម្បីត្រៀមលក្ខណៈធ្វើពិធីប្រកាសដាក់ដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការបានប្រព្រឹត្តទៅដោយភាពរលូនល្អ ។

ក្រុងបូកគោគឺជារដ្ឋបាលក្រុងមួយត្រូវបានរាជរដ្ឋាភិបាល ទើបបានសម្រេចបង្កើតថ្មី ហើយត្រូវបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១ និងត្រូវបានប្រកាសលទ្ធផលសមាសភាពសមាជិកក្រុមប្រឹក្សាក្រុង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយនៅថ្ងៃទី១២ ខែសីហា ខាងមុខនេះនឹងឈានដល់ការរៀបចំពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានជូនតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោដែលជាក្រុងមួយទើបបានបង្កើតថ្មី ក្រោមចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន សំដៅធ្វើឲ្យសេដ្ឋកិច្ចសង្គមនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ដល់អនុសាសន៍ជូនដល់រដ្ឋបាលខេត្តឲ្យមានការយកចិត្តទុកដាក់ពីបញ្ហាប្រឈមក្នុងចំណុចចាប់ផ្ដើមដើម្បីឲ្យជំរុញដំណើរការដល់រដ្ឋបាលក្រុងបូកគោ ដែលពុំទាន់មានអគាររដ្ឋបាលនៅឡើយ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុងបូកគោបានប្រព្រឹត្តទៅក្នុងជំហានដំបូងនេះបានបម្រើទាំងប្រយោជន៍សេវារដ្ឋបាលសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានល្អ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីរដ្ឋបាលក្រុងបូកគោដែលទើបបង្កើតថ្មីនេះ ត្រូវតែយកចិត្តទុកដាក់សហការគ្នាប្រើធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាព និងជំនះនូវបញ្ហាប្រឈមខ្វះខាតចំពោះមុខនៃចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងដំបូងនេះឲ្យបានល្អ និងត្រូវឈានដល់ជំហានបន្តបន្ទាប់ទៀតរដ្ឋបាលក្រុង និងកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួនឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។

សូមបញ្ជាក់ថា ទីតាំងអគាររដ្ឋបាលក្រុងបូកគោ គឺត្រៀមដាក់ឲ្យដំណើរការដើម្បីបម្រើការងារ នៅសណ្ឋាគារមួយកន្លែង ដែលផ្ដល់ដោយឯកជន ជាប់ផ្លូវជាតិលេខ៣ ទល់ចំណុចប្រសព្វផ្លូវឡើងឧទ្យានព្រះមុនីវង្សបូកគោស្ថិតនៅក្នុងសង្កាត់បឹងទូក។

អត្ថបទទាក់ទង