រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ប្រគល់សម្ភារៈបរិក្ខារ បម្រើឲ្យសកម្មភាពបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈជំនួយឧបត្ថម្ភអង្គការ(GIZ) ដល់រដ្ឋបាលស្រុកចំនួន៤ ក្នុងខេត្ត

  • 532
  • ដោយ savuth

នៅរសៀលថ្ងៃព្រហស្បត៍១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នាសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត បានប្រគល់សម្ភារៈបរិក្ខារប្រើប្រាស់ តាមរយៈជំនួយឧបត្ថម្ភ របស់អង្គការ(GIZ) នៃទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីបែងចែកដល់រដ្ឋបាលឃុំគោលដៅចំនួន២៧ និងស្រុកចំនួន០៤ក្នុងខេត្ត សម្រាប់យកទៅបម្រើសកម្មភាពក្នុងការងារប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

សម្ភារៈបរិក្ខារប្រើប្រាស់ទាំងអស់នោះសរុបរួមមាន សាប៊ូលាងដៃ៥៣កេស ស្មើនឹង ៣៧២០០ដុំ ម៉ាស់៣១កេសស្មើនឹង១៥៥០ប្រអប់ របាំងមុខការពារ១៨៦០របាំង ជែលអាល់កុលលាងសម្អាតដៃ១៣កេស ស្មើនឹង៣៧២ដប និងដបដាក់អាកុល៤៦៤ដប ទឹកអាកុល ៥២កាន ស្មើនឹង១២៥០លីត្រ និងម៉ាស៊ីនវាស់កំដៅចំនួន៣១គ្រឿង។

សម្ភារៈបរិក្ខារខាងលើនេះ ត្រូវបានបែងចែកទៅរដ្ឋបាលស្រុកចំនួន៤ គឺមានស្រុកឈូក ស្រុកទឹកឈូ ស្រុកដងទង់ និងស្រុកកំពង់ត្រាច ក្នុងមួយស្រុកទទួលបាន សាប៊ូលាងដៃ១២០ដុំ ម៉ាស់៥០ ប្រអប់ របាំងមុខការពារ៦០របាំង ជេលអាល់កុលលាងសំអាតដៃ១២ដប និងដបដាក់ទឹកអាល់កុល៣៥ដប ទឹកអាកុល ៣០លីត្រ និងម៉ាស៊ីនវាស់កំដៅចំនួន០១ស្មើគ្នា។ ដោយឡែកសម្រាប់ឃុំគោលដៅចំនួន២៧ឃុំ ក្នុងស្រុកចំនួន០៤ខាងលើ ក្នុង០១ឃុំទទួលបានសាប៊ូលាងដៃ១២០ដុំ ម៉ាស៥០ប្រអប់ របាំងមុខការពារ៦០របាំង ជែលអាល់កុលលាងសម្អាតដៃ១២ដប និងដបដាក់ទឹកអាកុល៣០ដប ទឹកអាល់កុល៣០លីត្រ ម៉ាស៊ីនវាស់កំដៅចំនួន០១គ្រឿងស្មើគ្នាផងដែរ។

តាមរយៈនៃការប្រគល់សម្ភារៈដ៏មានសារៈសំខាន់នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអង្គការ giz ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះមិនទាន់បានធូរស្បើយនៅឡើយ។ ព្រមទាំងបានសម្ដែងការកោតសរសើរ ដល់អង្គការ giz ដែលកន្លងមកតែងតែ បានជួយឧបត្ថម្ភគាំទ្រដល់គម្រោងការអភិវឌ្ឍនានាក្នុងវិស័យកសិកម្មក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននៃខេត្តកំពតមានលក្ខណៈល្អប្រសើរ។

ឯកឧត្ដមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកទាំង៤ ត្រូវយកចិត្តទុកដាក់នាំយកសម្ភារៈប្រើប្រាស់ទាំងអស់នេះ បែងចែកប្រគល់ដល់ឃុំគោលដៅក្នុងស្រុកនីមួយៗ ដើម្បីបានប្រើប្រាស់នឹងត្រូវបន្តចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ នូវសារាចរណែនាំ លេខ០៤ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាចំណាត់ការ និងវិធានការនានា ពិសេសវិធានការ អនុវត្ត ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងវិធានសុខាភិបាលមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណា ការអនុវត្តនេះនៅក្នុងភូមិសាស្រ្តខេត្តកំពតឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង