រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២

  • 446
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍១២រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិរីកចម្រើនទៅបានគឺអាស្រ័យពឹងផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ។ ជាក់ស្ដែងការអភិវឌ្ឍន៍ប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានដាក់ចេញនូវគោលនយោបាយនិងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ។

ដូចនេះកិច្ចប្រជុំពេលនេះគឺជាការងារសំខាន់មានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលចូលថវិកាសម្រាប់ខេត្ត ដែលក្នុងនោះមានកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ ចំណូលដែលបានពីកម្រៃ នៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ទៀតដែលជាប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ។ដោយការប្រមូលនេះទៀតសោត ផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង ត្រូវគ្រោងចំណូលដែលបានប៉ានស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃ មាតិកាថវិកា។

ឯកឧត្តមក៏បានស្នើឲ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាព គ្រប់ប្រភពចំណូលចូលជាថវិកាខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តសំដៅបម្រើប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត។

កិច្ចប្រជុំនេះ គឺជាការផ្ដល់ឱកាសដល់មន្ទីរនិងអង្គភាព វិស័យ ជំនាញពាក់ព័ន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា ក្នុងការបម្រើសេវារដ្ឋបាលនិងសេវាសាធារណៈផ្សេងទៀត ដែលមានលទ្ធភាពអាចប្រមូលចំណូលចូលថវិការខេត្តដែលជាប្រភពចំណូលមិនមែនសារពើពន្ធ ។ ក្នុងនោះមានមន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍៕

អត្ថបទទាក់ទង