រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេច និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មី ដែលតា (Delta)

  • 807
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយ ចាត់ចែងអនុវត្ត សេចក្តីសម្រេចលេខ ៨៤ សសរ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងសារាចរណែនាំលេខ ០៤ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត បានធ្វើការណែនាំដល់កងកម្លាំង អាជ្ញាធរ ក្រុង ស្រុក ត្រូវអនុវត្តសេចក្តីសម្រេច និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលឲ្យបានយ៉ាងម៉ឺងម៉ាត់ និងភាពទន់ភ្លន់ ដើម្បីការពង្រឹងវិធានការផ្នែករដ្ឋបាល ផ្នែកសុវត្ថិភាពសុខាភិបាល និងផ្នែកច្បាប់ ធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) ។ ឆ្លើយតបទៅនឹងការងារនេះ រដ្ឋបាលខេត្តនឹងដាក់ចេញនូវវិធានការនានា ហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្ត ជាអាទិ៍ ខារ៉ាអូខេ,រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្ស និងការដាក់បម្រាមគោរចរពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង ៣ភ្លឺ ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជាហាមឃាត់នេះ ត្រូវចាត់វិធានការអប់រំណែនាំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មរបស់ពួកគាត់តែម្តង៕

អត្ថបទទាក់ទង