រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីសំណេះសំណាល និងប្រគល់ប្រាក់សោហ៊ុយវិភាជន៍ និងជូនដំណើរនិស្សិតឆ្នើមប្រចាំខេត្តកំពត ប្រចាំឆ្នាំ២០២១

  • 607
  • ដោយ savuth

នារសៀលថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានតំណាងមូលនិធិសម្រាប់និស្សិតខេត្តកំពត ក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់សោហ៊ុយវិភាជន៍ និងជូនដំណើរនិស្សិតឆ្នើមរបស់ខេត្តកំពតឆ្នាំ២០២១ ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថាននានា នៃសាធារណៈរដ្ឋបារាំង ដែលពិធីនេះបានប្រារព្ធធ្វើនៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។

និស្សិតឆ្នើមទាំងពីររូប របស់ខេត្តកំពត ប្រចាំឆ្នាំ២០២១ ផ្នែកវិស្វកម្មមានចំនួនពីររូប ទី១.និស្សិត សុខល អាយលិ ដែលត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតទេ្វ (Double Master Degree) ផ្នែក Industrial performance and Mechatronics System នៅសាលាជាតិជាន់ខ្ពស់រ៉ែ Alès (IMT Mines d'Alès)។ ទី២.និស្សិត ឆាយ លីអាន ត្រូវទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រវិស្វកម្មនៅ Télécom Sud de Paris នៃវិទ្យាស្ថានពហុបច្ចេកទេសក្រុងបារីស (Institut Polytechnique de Paris)។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានតំណាងមូលនិធិសម្រាប់និស្សិតខេត្តកំពត បានផ្តាំផ្ញើដល់និស្សិតឆ្នើមប្រចាំខេត្តកំពតទាំងពីរ ត្រូវខិតខំសិក្សារៀនសូត្រ ស្រូបយកចំណេះដឹងឱ្យបានល្អដើម្បីយកមកបំរើប្រជាជន និងប្រទេសជាតិតាមជំនាញរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតក៏បានជូនពរដល់និស្សិតទាំងពីរ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីក្លាយជាសសរទ្រូងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

សូមជម្រាបថាមូលនិធិសម្រាប់និស្សិតខេត្តកំពត សម្រេចជូនសោហ៊ុយវិភាជន៍ដល់និស្សិតឆ្នើមទាំងពីរនាក់ក្នុងម្នាក់ ទទួលបាន១ម៉ឺនដុល្លារអាមេរិក៕

អត្ថបទទាក់ទង