រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទូទៅប្រមាណជាង១៣ ម៉ឺន៥ពាន់ដូស បន្ថែមទៀតក្នុងខេត្តកំពត

  • 390
  • ដោយ savuth

នៅក្នុងដំណើរនៃយុទ្ធនាការចាក់វ៉ាក់សាំង នាថ្ងៃដំបូងនេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពនិងកងកម្លាំងជុំវិញខេត្តបានអញ្ជើញចុះដល់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីជំរុញការលើកទឹកចិត្ត ដល់គ្រូពេទ្យ និងប្រជាពលរដ្ឋ។ ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋដោយស្ម័គ្រចិត្ត ទូទៅនៅខេត្តកំពត មកដល់ពេលនេះមានចំនួន៣លើករួចមកហើយ។ ដោយឡែកនៅលើកទី៣ នាថ្ងៃចាប់ផ្ដើមដំបូងសម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបន្តចាប់ផ្តើម ចាក់ជូនដល់ពលរដ្ឋរស់នៅក្នុងក្រុងកំពត ក្រុងបូកគោ និងពលរដ្ឋរស់នៅទីប្រជុំជននៃស្រុកទឹកឈូស្រុកគីរី និងស្រុកកំពង់ត្រាច ។

មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ គឺជាបញ្ហាសកលទូទាំងពិភពលោក ដែលផ្ដោតការយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ ដោយឡែកសម្រាប់កម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងអំពីសុខុមាលភាព របស់ប្រជាពលរដ្ឋជានិច្ច។ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបានដាក់ចេញនូវចំណាត់ការនិងវិធានការសំខាន់ៗ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះប៉ុណ្ណោះទេ ថែមទាំងបាន ខិតខំស្វះស្វែងរកជំនួយ និងការទិញវ៉ាក់សាំងដើម្បីចាក់ការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនៅក្នុងគោលដៅឲ្យបានយ៉ាងតិចចំនួន ១០ លាននាក់ ហើយមកដល់ពេលនេះកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិត ៥លាននាក់ស្មើនឹងប្រមាណ ៤៩.៩៧% ហើយដែរ។ ដោយឡែកសម្រាប់ខេត្តកំពត សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះជាបន្តបន្ទាប់៣លើករួចមកហើយ ដែលគិតមកដល់ពេលនេះមានចំនួនវ៉ាក់សាំសរុប១៧ម៉ឺន៦ពាន់៨៥៦ដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅពេលនេះឲ្យបានល្អ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមឲ្យចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅពេលវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ពិសេសតាមការអំពាវ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ បើទោះបីបានចាក់វ៉ាក់សាំងហើយ ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នាផងដែរ ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងពេលនេះ មានមណ្ឌលផ្តល់វ៉ាក់សាំងចំនួន ៧ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត, សាលាបឋមសិក្សាហ៊ុន សែន១មករា, មន្ទីរពេទ្យអនុស្សាវរី ស៊ុន យ៉ាឃៀល, មណ្ឌលសុខភាពត្រពាំងរពៅ, មណ្ឌលសុខភាពត្រពាំងសង្កែ, មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច, មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី, ដែលមានវ៉ាក់សាំងកូវីដ១៩ ពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥.៨៥២ដូស៕

អត្ថបទទាក់ទង