រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

  • 693
  • ដោយ savuth


នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រាំបីព្រឹក នៅសាលសន្និសីទបូកគោសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន ១០៩នាក់ តាមរយៈប្រព័ន្ធប្រជុំពីចំងាយ (Online Zoom Meting) ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលបានខិតខំបំពញការងារបានយ៉ាងល្អ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងមក ទោះបីជាស្ថិតក្នុងស្ថានភាពដែលលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ចាប់តាំងពីមានព្រឹត្តការណ៍ថ្ងៃទី ២០ ខែ កុម្ភៈឆ្នាំ ២០២១ ។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សូមសម្តែងនូវការកោតសរសើរ និងសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារក្នុងខេត្តកំពតទាំងអស់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់រដ្ឋបាលខេត្ត បន្តអនុវត្តធ្វើវេទិការសាធាំរណៈដើម្បីប្រមូលបញ្ហា សំណូមពរ និងដោះស្រាយជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់មូលដ្ឋានឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋពិសេសគោលនយោបាយថ្មីៗរប់សរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបន្តអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់បំផុតនូវ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីកាពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ ។

ជាទីបញ្ចប់ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ទាំងអស់សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីកម្រិតខេត្ត រហូតដល់ភូមិ សំដៅផ្សព្វផ្សាយ រៀបចំយន្តការគ្រប់គ្រង លើកកម្ពស់ការយល់ដឹងដល់ប្រជាជន កំណត់វិធីសាស្ត្រនៃរបៀបរបបធ្វើការតាមបែបគន្លងថ្មី តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលជាគោលការណ៍គ្រឹះសម្រាប់បម្រើឲ្យប្រសិទ្ធភាពការងារ និងបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង