រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត

  • 793
  • ដោយ savuth

ព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបី នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរពេទ្យបង្អែកទាំង៥ ប្រធានមណ្ឌលសុខភាពទាំង៦៦ នាយកទីចាត់ការចំណុះសាលាខេត្ត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន និងកំពង់ផែសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាយើងនិយាយជារួម ដោយឡែកខេត្តកំពត កំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍២០កុម្ភៈ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងវិស័យឯកជន និងប្រជាពលរដ្ឋក្នុងខេត្ត បានសហការគ្នាក្នុងការចូលរួមទប់ស្កាត់ ដោយចំណាយទាំងពេលវេលា ថវិកា និងសម្ភារៈ ហើយបានធ្វើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពតបានល្អប្រសើរ ដោយយើងបានគ្រប់គ្រងសភាពការណ៍ទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ទៀតថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការកៀគរសប្បុរសជន និងជំនួយឧបត្ថម្ភទាំងក្នុង និងក្រៅប្រទេសដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ ព្រមទាំងបានដាក់ចេញនូវគោលការណ៍ណែនាំ និងវិធានការណ៍បន្ទាន់ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្នុងពេលថ្មីៗនេះសម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត ដោយត្រូវអនុវត្តវិធានការ៥ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ។

ក្នុងឱកាសនោះឯកឧត្តម បានណែនាំដល់អភិបាលក្រុង ស្រុក យកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាល ពិសេសយុទ្ធសាស្ត្រទាំង៥ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ព្រមទាំងផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលត្រូវសហការជាមួយក្រុមគ្រូពេទ្យ ក្នុងការយកសំណាកបានទាន់ពេលវេលាចៀសវាងការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរក្នុងសហគមន៍ ពិសេសកាត់បន្ថយនូវការស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។

អត្ថបទទាក់ទង