រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នាំយកប្រេង និងម៉ាស៊ីនបូមទឹកចុះជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋ រងផលប៉ះពាល់ខ្វះខាតទឹកនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

  • 763
  • ដោយ savuth


នៅថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត រួមនឹងមន្ត្រី អាជ្ញាធរ ជំនាញពាក់ព័ន្ធ បាននាំយកប្រេងនិងម៉ាស៊ីនបូមទឹក ដើម្បីចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ប្រឈមរងផលប៉ះពាល់ ខ្វះខាតទឹកដោយសាររាំងស្ងួតភ្លៀងធ្លាក់មានការអូសបន្លាយនៅក្នុងឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពការរាំងស្ងួតមានការអូសបន្លាយបានបង្កផលប៉ះពាល់ស្ទើរទូទាំងស្រុកកំពង់ត្រាច ដោយឡែកនៅឃុំព្រែកក្រឹស ស្រូវដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋប្រឈមរងផលប៉ះផល ខ្វះខាតដោយសារការខ្វះខាតទឹកមានចំនួន២០៤គ្រួសារ ក្នុងភូមិចំនួន៥លើផ្ទៃដីសរុបចំនួន១៩៥ហិចតា ក្នុងនោះ៖ភូមិព្រៃព្រូសប៉ះពាល់៣៧ហ.ត ភូមិដើមស្វាយ ៤៥ហ.ត ភូមិលក្ខជា ៦០ហ.ត ភូមិកោះតាកូវ ២ហ ត និងភូមិព្រែកក្រឹស ២៥ហ.ត។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាប្រឈម បញ្ហាសំណូមពរជួបការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយពិសេសក្នុងបរិបទនៃការរងសម្ពាធដោយជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់ រដ្ឋបាលនិងអាជ្ញាធរ ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានឲ្យមានការយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ក្នុងការចុះជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ពិសេសរដ្ឋបាលខេត្តកំពតស្ថិតក្នុងដំណាក់កាលនេះ គឺមិនអាចទុកចោលឲ្យមានការខូចខាតផលស្រូវដំណាំ ហើយមិនមានការ ជួយអន្តរាគមន៍ដោះស្រាយដើម្បីសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាការខ្វះខាតទឹកដូចនៅក្នុងពេលនេះបានឡើយ ។ ដោយយើងទាំងអស់គ្នា គ្រាន់តែសហការចូលរួមមិនថាមន្ត្រីរាជការឬប្រជាពលរដ្ឋ ដើម្បីជម្នះឧបសគ្គទាំងឡាយ ទៅតាមស្ថានភាពជាក់ស្ដែង ពិសេសគឺការរស់នៅក្នុងគ្រាបច្ចុប្បន្នដោយត្រូវតែសម្របខ្លួនទៅតាមបរិបទថ្មីនៃជំងឺឆ្លងកូវីដ១៩ គឺមានការប្រុងប្រយ័ត្ននឹងអនុវត្តឲ្យបានល្អ តាមវិធានការសុខាភិបាលគឺ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដើម្បីបញ្ចៀសការឆ្លងជំងឺកាចសាហាវនេះចូលក្នុងសហគមន៍របស់យើង។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ សំណូមពរដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេស មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវតែបន្តយកចិត្តទុកដាក់សហការគ្នា ឱ្យបានជាប្រចាំដើម្បីពិនិត្យមើល ក្នុងមូលដ្ឋានដែលស្រូវប្រជាពលរដ្ឋ កំពុងប្រឈមរងផលប៉ះពាល់ខ្វះខាតទឹក ដែលបណ្ដាលមកពីភាពអូសបន្លាយដោយសារទឹកភ្លៀង ហើយត្រូវតែជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទៅតាមលទ្ធភាពដែលប្រភពទឹកមាននៅក្នុងតំបន់នោះគឺមិនត្រូវទុកចោលឲ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរនិងមន្ត្រីជំនាញបានឡើយ។

បើទោះបីយ៉ាងណា ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងអាចមានភ្លៀងធ្លាក់មក ឯកឧត្តមក៏បានសម្ដែងក្ដីសង្ឃឹម ថាស្រូវរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនមានទទួលរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរអ្វីឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានប្រគល់ប្រេងម៉ាស៊ូតចំនួន១០ កានស្មើនឹង៣០០ លីត្រ ជូនដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ចាត់ចែងបូមទឹកពីប្រឡាយមេ ដើម្បីស្រោចស្រពស្រូវនិងដំណាំ របស់ប្រជាពលរដ្ឋនិងបានជូនថវិកាសរុបចំនួន ៩៦ម៉ឺនរៀលដល់ប្រជាពលរដ្ឋនិងកងកម្លាំងនគរបាលនិងប្រជាការពារនាឱកាសនោះផងដែរ៕

អត្ថបទទាក់ទង