រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន ដើម្បីរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

  • 586
  • ដោយ savuth

នៅព្រឹកថ្ងៃអង្គារ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដើម្បីរួមចំណែកក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តកំពត កំពុងអនុវត្តសកម្មភាពយកចិត្តទុកដាក់ប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

អំណោយដែលបានប្រគល់និងទទួលឱកាសនោះរួមមាន
-ថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។
-អង្ករ ២០តោន ម៉ាស់ ១២កេស ស្មើ៦០០ប្រអប់ មាន៣ម៉ឺនម៉ាស់ និងទឹកអាកុលចំនួន១០កាន ស្មើ៣០០លីត្រសម្រាប់រដ្ឋបាលខេត្ត។

ក្នុងពិធីនោះ លោក ចច នីកូឡាស់ នាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ដែលកន្លងមកតែងបានអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ មានលក្ខណៈល្អប្រសើរ ធ្វើឲ្យសកម្មភាពសេវាកម្មគ្រប់ប្រភេទ ពិសេសការរកស៊ីរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ក្នុងខេត្តកំពតមានការរីកចម្រើនជាបន្តបន្ទាប់។ តែទោះបីយ៉ាងណាលោកនាយកក្រុមហ៊ុន នៅតែសម្ដែងការជួយឧបត្ថម្ភគាំទ្រក្នុងស្មារតីទឹកចិត្តសប្បុរសធម៌ដោយស្ម័គ្រស្មោះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គមនិងមនុស្សធម៌ ពិសេសក្នុងស្ថានភាពដែលរដ្ឋបាលខេត្តកំពតកំពុងសកម្មយកចិត្តទុកដាក់ ប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដែលកន្លងមកតែងតែ ជួយឧបត្ថម្ភគាំទ្រទាំងថវិកា ស្បៀងអាហារនិងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ក្នុងស្ថានភាពរដ្ឋបាលខេត្តកំពតកំពុងយកចិត្តទុកដាក់ប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩នាពេលនេះជាដើម។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ឲ្យដឹងដែរថា អំណោយទាំងនេះ ឯកឧត្តម និងចាត់ចែងបញ្ជូនឲ្យបានជាបន្ទាន់ទៅដល់រដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ទាំង៩៣ក្នុងខេត្ត ដើម្បីផ្ដល់ជូនបន្តដល់ប្រជាពលរដ្ឋងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពតផងដែរ៕

អត្ថបទទាក់ទង