រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីត១៩ ក្នុងសហគមន៍

  • 802
  • ដោយ savuth

នៅ​ព្រឹក​ថ្ងៃ​ពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានចូលរួមការទទួល អំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដែលបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងខេត្តកំពតថ្មីៗនេះ។

អំណោយរបស់សប្បុរសជនក្នុងនោះរួមមាន៖
-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ចំនួន៣០០០ដើម

-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ ចំនួន៤៥០ដើម និងថ្នាំពេទ្យចំនួន៤០០ប្រអប់

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានជូនថ្នាំពេទ្យ ១០០ប្រអប់ និងទឹកអាកុលចំនួន៧កានស្មើនឹង២១០លីត្រ
  • លោកស្រី សុខ ងីម និង លោក ឈៀវ ប៊ុនស៊ឺ ជូនម៉ាស់៥ម៉ឺនម៉ាស់ និងទឹកអាកុលចំនួន៥ កានស្មើនឹង១៥០លីត្រ។

​ក្នុងឱកាស​នោះឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និងអាជីវករ ក្នុងនោះមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួមនិងសប្បុរសជន ជាអាជីវករ ដែលបាននាំយកនូវអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ថ្នាំពេទ្យនាពេលនេះ គឺជាអំណោយសប្បុរសធម៌ដ៏ប្រពៃណីក្នុងការផ្ដល់ជូនរដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីបម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ ជាពិសេស​សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺកូវីដ១៩ ខេត្តតែងតែមានប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំដាក់វិធានការនានាដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងជំនាញពាក់ព័ន្ធក្នុងកិច្ចសហការរួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ ហើយអំណោយទាំងនេះ ឯកឧត្តមនិងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងជំនាញពាក់ព័ន្ធ ពិសេសដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃតំបន់ប្រឈមខ្ពស់មួយចំនួនក្នុងខេត្តផងដែរ។

ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងអាជីវករម្ចាស់អំណោយ ដែលបាននាំយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពតនៅពេលនេះឱ្យទទួលបាន​នូវសុខភាព​ល្អ ជោគជ័យ​គ្រប​ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន និងប្រកបអាជីវកម្មកាន់តែរីកចម្រើនថែមទៀត ចៀសផុតពី​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ៕

អត្ថបទទាក់ទង