រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនប្រជាពលរដ្ឋនៅមណ្ឌលព្យាបាលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក

  • 833
  • ដោយ savuth

ព្រឹក.ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកា ជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ កម្រិតបឋម និងអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋបាននឹងកំពុងសម្រាកព្យាបាល ធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី ខេត្តគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងការយាយីដោយជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ដូច្នេះក្នុងរយៈពេលនេះសូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តអោយបានល្អ តាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ឬធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយមិនមានបញ្ហាអ្វីប្រែប្រួលទេ រួចវិលត្រឡប់ទៅលំនៅឋានវិញត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ក្នុងប្រទេសយើងបន្តទៀត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បាន ជូនថវិកាចំនួន៥លាន ២សែនរៀលសម្រាប់អ្នកជំងឺកូវីដ១៩និងអ្នកធ្វើចត្តាឡីស័កក្នុងម្នាក់ៗ៥ម៉ឺនរៀល និងថវិកា ១លានរៀលទៀតសម្រាប់ក្រុមគ្រូពេទ្យ១០នាក់ក្នុងម្នាក់ៗ ១០ ម៉ឺនរៀលរួមនឹងថវិកាមួយចំនួនទៀតដល់កងកម្លាំងទាំង៣យាមប្រចាំការផងដែរ ហើយឯកឧត្តមអភិបាលខេត្តនឹងបន្តផ្ដល់ទឹកអាកុល ម៉ាស់ និងទឹកសុទ្ធសម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅទីនោះផងដែរ។

អត្ថបទទាក់ទង