រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយអំពូលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ ពីអង្គភាពអគ្គិសនីកំពត

  • 344
  • ដោយ savuth

នៅព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យពីអង្គភាពអគ្គិសនីកំពត។

ក្នុងឱកាសនោះតាមការឲ្យដឹងពីប្រធានអង្គភាពអគ្គិសនីកំពត បានបញ្ជាក់ថា អំពូលភ្លើងនេះគឺជាការផ្ដល់ដោយឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានចំនួន ៤០០គ្រឿង គឺជាគម្រោងស្ថិតនៅក្នុងកម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះរបស់នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្ម ជនបទនៃអគ្គិសនីកម្ពុជា។ ក្នុងគោលបំណងជួយដល់រដ្ឋបាលខេត្តកំពត ដើម្បីនាំយកទៅចែករំលែកជួយដល់ប្រជាពលរដ្ឋ ឬមូលដ្ឋានដែលនៅឆ្ងាយដាច់ស្រយាលខ្វះខាតអគ្គិសនីប្រើប្រាស់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណកោតសរសើរ ចំពោះឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលតែងតែ រួមចំណែកជួយដល់រដ្ឋបាលខេត្តកំពតកន្លងមកទាំងស្មារតីនិងសម្ភារៈ សម្រាប់បម្រើក្នុងកិច្ចការសង្គម ហើយឯកឧត្តមបញ្ជាក់ថា អំណោយជាអំពូលភ្លើងនេះនឹងយកទៅជូនដល់ប្រជាពលរដ្ឋដូចជាមូលដ្ឋានដាច់ស្រយាលដែលកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់មន្ត្រីបុគ្គលិកអគ្គិសនីកម្ពុជាខេត្តកំពត ទាំងអស់ ពិសេសឯកឧត្តម កែវ រតនៈ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងសូមឲ្យសម្រេចបាននៅភារកិច្ចថ្មីៗជូនជាតិ និងប្រជាជនកាន់តែរីកចម្រើនក្នុងវិស័យអគ្គិសនី ប្រសើរឡើងថែមទៀត។

អត្ថបទទាក់ទង