រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ចុះសួរសុខទុក្ខនិងនាំអំណោយជូនប្រជាពលរដ្ឋ រងគ្រោះករណីសង្ស័យពុលស្រាស្លាប់និងកំពុងសម្រាកព្យាបាលនៅក្នុងស្រុកកំពង់ត្រាច

  • 741
  • ដោយ savuth

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានព័ត៌មាន របស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះពុល ស្រាស ស្លាប់ និងមួយចំនួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរួមមានអង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងថវិកា ដើម្បីឧបត្ថម្ភដល់អ្នករងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងគ្រួសារសពជនរងគ្រោះនៅក្នុងភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្តបាន ពាំនាំនូវការសួរសុខទុក្ខចំពោះ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការចូលរួមរំលែកទុក្ខសោកស្ដាយ ចំពោះការបាត់បង់ជីវិត ជនរងគ្រោះ ជាមួយគ្រួសារសព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងថ្នាក់ដឹកនាំមួយចំនួនទៀត មាន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពត ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពត ជានិច្ចកាលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងថ្នាក់ដឹកនាំដទៃទៀត តែងតែជួយរំលែកទុក្ខលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយប្រការផ្សេងៗដោយមិនរើសអើង គ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ជាវ តាយ ក៏បានចូលរួមរំលែកទុក្ខនិងសោកស្តាយជាមួយគ្រួសារសព ចំពោះនៃការបាត់បង់ជីវិត ប្ដីឬប្រពន្ធ ឪពុកម្ដាយ កូនចៅ និងសាច់ញាតិទាំងអស់។ ឯកឧត្តមអភិបាលខេត្តក៏បាន សំណូមពរផ្ដាំផ្ញើ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវរួមគ្នាបញ្ឈប់ ឬកាត់បន្ថយការពិសារស្រា និងការផលិតស្រា ដែលមិនមានប្រភព និងច្បាប់អនុញ្ញាតទទួលស្គាល់ពីសមត្ថកិច្ចជំនាញច្បាស់លាស់ ដើម្បីបញ្ចៀសឲ្យបាននូវបញ្ហាកើតឡើងដោយភាពអកុសលដូចក្នុងករណីពេលនេះ។

ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តអនាម័យឱ្យបានល្អ ពិសេសវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

ក្នុងឱកាសនោះ អំណោយដែលផ្ដល់ជូនដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សម្រាប់អ្នកជម្ងឺ ៤៧នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និងគ្រួសារសពចំនួន ១០គ្រួសារទៀត ក្នុងមួយគ្រួសារ៥០ម៉ឺនរៀល សរុបថវិកាអស់ចំនួន៩លាន៧០ម៉ឺនរៀល និងក្នុងនោះដែរឯកឧត្តមជាវ តាយ ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពទាំង១០ គ្រួសារបន្ថែមទៀត ដោយក្នុងមួយគ្រួសារ២០ម៉ឺនរៀល សរុបថវិកាចំនួន ២លានរៀល។ ដោយឡែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាក៏បានជូនគ្រួសារសពទាំង១០គ្រួសារ ក្នុងមួយគ្រួសារ មានអង្ករចំនួន៥០គីឡូក្រាម ទឹកក្រូច២កេះទឹកសុទ្ធ២កេះ ។

សូមបញ្ជាក់ថា ករណីប្រជាពលរដ្ឋពុលស្រា.ស ខាងលើនេះបានកើតឡើងនៅភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត និងភូមិកោះតាចាន់ក្នុងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដោយបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន៤៧ នាក់ ហើយបច្ចុប្បន្នបានស្លាប់សរុបចំនួន១០នាក់ ស្រី៣នាក់ នឹងមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន២៦នាក់ ព្រមទាំងមួយចំនួនទៀតបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយដែរ។

អត្ថបទទាក់ទង