រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យលទ្ធផល និងជំរុញការអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត

  • 509
  • ដោយ savuth

នារសៀលថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងកំពត និងស្រុកទឹកឈូ ព្រមទាំងមន្រ្តីអនុវត្តគម្រោង( ADB ) បានចុះពិនិត្យលទ្ធផល និងជំរុញនៃការអនុវត្តគម្រោងកែលម្អសួនច្បារ និងប្រព័ន្ធរំដោះទឹកសំខាន់ៗចេញពីក្រុងកំពត។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងពីរខាងលើនេះគឺ ទី១-គម្រោងកែលម្អសោភ័ណភាព និងពង្រីកសួនច្បារមាត់ព្រែក ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ជាគម្រោងរបស់រដ្ឋបាលខេត្ត ទី២-គម្រោងស្តារពង្រីកប្រព័ន្ធលូ និងប្រឡាយរំដោះទឹកជាគម្រោងរបស់( ADB )។

គម្រោងទាំងពីរខាងលើនេះបច្ចុប្បន្នបាននឹងកំពុងតែអនុវត្ត ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមូលហេតុជួបស្ថានភាពជាក់ស្ដែង ពាក់ព័ន្ធលើការកែសម្រួលប្លង់ប្រព័ន្ធលូដោះទឹករបស់គម្រោង (ADB)។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាប្រព័ន្ធផ្លូវ និងលូដោះទឹក គឺជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការជន់លិចទីក្រុង ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។ ជាមួយគ្នានោះក្រៅពីការជំរុញការអនុវត្តគម្រោងកែលម្អសួនច្បារមាត់ព្រែក ដោយពិនិត្យឃើញថា រដូវភ្លៀងកាន់តែខិតចូលមកដល់ឆាប់ៗនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានណែនាំ ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ រួមនិងមន្ត្រីអនុវត្តគម្រោង(ADB) ត្រូវធ្វើយ៉ាងណា រួមសហការគ្នាសិក្សាលើគម្រោងស្ដារព្រែកធម្មជាតិមួយខ្សែ ដែលមានប្រវែងជាង២០០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់កណ្ដាល ឲ្យបានឆាប់ចប់មុនរដូវភ្លៀងធ្លាក់មកដល់ ព្រោះព្រែកធម្មជាតិនេះ គឺជាផ្លូវដោះទឹកដ៏សំខាន់ផ្នែកខាងកើត និងខាងត្បូងចេញពីក្រុងកំពត។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍកែលម្អសួនច្បារដងព្រែកកំពតនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្ត មានប្រវែងប្រមាណ ៦០០ម៉ែត្រ គិតចាប់ពីខាងត្បូងក្បាលស្ពានថ្មី ដល់ខាងជើងក្បាលស្ពានឥន្ទធនូ(ស្ពានចាស់) ក្នុងនោះគឺកែលម្អពង្រីកសួនច្បារឲ្យបានទំហំ១២ ម៉ែត្របន្ថែម លើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១២ម៉ែត្រ។

អត្ថបទទាក់ទង