រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលក្ខណៈចង្អៀតបន្ទាន់

  • 670
  • ដោយ savuth

នៅរសៀលពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលក្ខណៈចង្អៀតបន្ទាន់មួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ។

ឯកឧត្តម ជាវ តាយ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាក់ថា បើទោះបីរយៈពេលកន្លងមក ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការងារប្រយុទ្ធប្រឆាំង និងការបង្កាទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តមានលក្ខណៈល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្ដី ប៉ុន្តែកិច្ចប្រជុំនាពេលនេះគឺជាការងារចាំបាច់បន្ទាន់ នឹងមានសារៈសំខាន់ក្នុងការដាក់ចេញនូវវិធានការថ្មីបន្ថែមទៀតរបស់រដ្ឋបាលខេត្ត ដើម្បីអនុវត្តឲ្យសម្រេចបានជោគជ័យនិងមានប្រសិទ្ធភាពបន្ថែមទៀត តាមសេចក្ដីណែនាំ និងបទបញ្ជាថ្មីៗជាបន្តបន្ទាប់ចំពោះមុខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងរាល់ខ្លឹមសារលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃវិធានការណែនាំឲ្យរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់ សហការគ្នាអនុវត្តឲ្យបានល្អ ពិសេសការអនុវត្តសេចក្ដីសម្រេចលេខ៤៤.សសរ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្នរយៈពេលពីរសប្តាហ៍ ដែលចាប់អនុវត្តគិតពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។

កិច្ចប្រជុំនារសៀលនេះក៏បានផ្តោតជាសំខាន់ផងដែរលើរបាយការណ៍ស្តីពីស្ថានភាពជំងឺកូវីត១៩ នឹងលទ្ធផលនៃការងារចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពត-វិធានការ ការពារ និងការប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់នាពេលខាងមុខនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទទាក់ទង