រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យនិងសួរសុខទុក្ខកងកម្លាំងប្រចាំការប៉ុស្តិ៍ ត្រួតពិនិត្យដងផ្លូវជាតិលេខ ៣ ព្រំប្រទល់ខេត្តខេត្តកំពតនិងខេត្តព្រះសីហនុ

  • 881
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ១រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ព្រំប្រទល់ស្រុកព្រៃនប់
ខេត្តព្រះសីហនុ និងខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងទាំងអស់គ្រប់ផ្នែកគ្រប់ថ្នាក់ ពិសេសក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម ជាវ តាយ ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ស្រុក និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិលេខ៣ និងចំណុចផ្សេងទៀត រវាងព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលនៅក្នុងកាលៈទេសៈនេះឡើយ ចំពោះការធ្វើដំណើរដែលមិនមានការចាំបាច់។

ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ព្រមទាំងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាននឹងបន្តឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការសុខាភិបាល ពិសេសសេចក្ដីអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ គឺ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូននូវម៉ាស់ចំនួន ២០០០ម៉ាស ទឹកអាកុល៦០លីត្រ និងជូនថវិកាដល់រដ្ឋបាលស្រុក១លានរៀល កងកម្លាំងនគរបាលអាវុធហត្ថនិងប្រជាការពារសរុបចំនួន ៥៥ នាក់ក្នុងម្នាក់៥ ម៉ឺនរៀល។

ឯកឧត្តមក៏បានបន្តចុះជួបជាមួយក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារនិងអាជីវករផ្សារត្រពាំងរពៅ ស្វែងយល់ពីស្ថានភាពជាក់ស្ដែងការប្រកបអាជីវកម្មក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ផងដែរ ៕

អត្ថបទទាក់ទង