រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងពិធីចាក់វ៉ាក់សាំងការពារកូវីត១៩លើកទី ១ ក្នុងខេត្តកំពត

  • 754
  • ដោយ savuth

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះដល់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីសំណេះសំណាល ក្នុងឱកាសនៃពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ ជូនដល់ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងខេត្តកំពត។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា ជំងឺឆ្លងកូវីដ១៩គឺជាបញ្ហាសកល ដែលពិភពលោកបាននឹងកំពុង ផ្ដោតការយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងដល់ខេត្តកំពតនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែបានខិតខំយកចិត្តទុកដាក់ណែនាំឱ្យអនុវត្តិវិធានការសុខាភិបាល អោយបានត្រឹមត្រូវ ព្រមទាំងបានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ យ៉ាងមុឺងម៉ាត់ និងមានប្រសិទ្ធភាព ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន នឹងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទូទៅដែលធ្វើឡើងដោយការស្ម័គ្រចិត្ត។

ដោយឡែកខេត្តកំពតជាជំហានដំបូងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនវ៉ាក់សាំងការពារកូវីត១៩ ចំនួន៦០០០ដូស ដើម្បីចាក់ជូនដល់ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងខេត្តកំពតតាមគោលការណ៍ស្ម័គ្រចិត្ត។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធនឹងកម្មវិធីចាក់វ៉ាក់សាំងទាំងអស់ ឲ្យយកចិត្តទុកដាក់ ផ្ដល់វ៉ាក់សាំងដល់អ្នកដែលបានមកទទួលឱ្យបានល្អ ហើយជាមួយនោះអ្នកដែលត្រូវទទួលចាក់វ៉ាក់សាំងក៏ត្រូវគោរពតាមការណែនាំ របស់គ្រូពេទ្យ ក្នុងរយៈពេលនៃការទទួលវ៉ាក់សាំងនេះផងដែរ។

សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពតមានចំនួន ០៥ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យបង្អែកឈូកមន្ទីរពេទ្យបង្អែក អង្គរជ័យ មន្ទីរពេទ្យបង្អែកកំពង់ត្រាច និងមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុន សែនកោះស្លា ។ តាមទិន្នន័យក្នុងផែនការរបស់មន្ទីរសុខាភិបាលខេត្តចំនួនមនុស្សសរុបត្រូវទទួលវ៉ាក់សាំងរហូតដល់ចំនួន៣១៧៨នាក់ ក្នុងជំហានលើកទីមួយនេះ។

អត្ថបទទាក់ទង