រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការនាំស្រូវចេញទៅប្រទេសជិតខាង និងស្ថានភាពរួមនៅតាមខ្សែបន្ទាត់ព្រំដែន

  • 486
  • ដោយ savuth

ព្រឹក.ថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការនាំស្រូវចេញទៅប្រទេសជិតខាង និងស្ថានភាពរួមនៅតាមខ្សែបន្ទាត់ព្រំដែន​ កិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់​ ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត អភិបាលស្រុកកំពង់ត្រាច អភិបាលស្រុកបន្ទាយមាស សមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅច្រកទ្វារទ្វេភាគីតន់ហន់ និងតំណាងអាជីវករទិញលក់ស្រូវ សរុបចំនួន ៣២នាក់។

ក្រោយពីស្តាប់របាយការណ៍របស់ស្ថាប័នជំនាញពាក់ព័ន្ធនូវស្ថានភាពទូទៅ និងបញ្ហាប្រឈមនានា ចំពោះការនាំស្រូវចេញ និងចំណុចសំខាន់ៗមួយចំនួនរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានដាក់ចេញនូវដំណោះស្រាយចំពោះមុខរួមមាន៖ រដ្ឋបាលខេត្តនឹងបង្កើតក្រុមការងារដោះស្រាយការនាំចេញស្រូវ និងរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាមតាមរយៈVideo Conference ដើម្បីពិភាក្សារកដំណោះស្រាយនូវបញ្ហារាំងស្ទះ និងយន្តការសម្របសម្រួលការនាំចេញស្រូវ ដែលមិនទាន់មានភាពប្រឡាក់ក្រឡាគ្នា សំដៅដល់ការនាំចេញឲ្យមានភាពរលូន៕

អត្ថបទទាក់ទង