រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកំពត ខេត្តកំពត

  • 1.7ពាន់
  • ដោយ savuth

រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកំពត ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរក្រុង សង្កាត់ទាំងមូលផងដែរ។
បន្ទាប់ពីមានរបាយការណ៍ស្វាគមន៍របស់លោក លាង រឿងសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត និងអានប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៣៦៩៧ប្រ.ក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានតែងតាំង លោក អែត សារិទ្ធិ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពត និងត្រូវបានផ្ទេរភារកិច្ចលោក ចែម ផា និង លោក សេង វុត្ថា ពីអភិបាលរងនៃគណៈអភិបាលក្រុងកំពត ឲ្យទៅបម្រើការងារជាមន្ត្រីនៅសាលាខេត្តកំពត។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពត បានយកចិត្តទុកដាក់ បំពេញភារកិច្ច ក្នុងស្មារតីសាមគ្គី សហការអនុវត្តនូវគោលការណ៍ វិធានការ និងផែនការទិសដៅដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃ និងខេត្តបានណែនាំចង្អុលបង្ហាញនិងប្រគល់ជូន សម្រេច លទ្ធផលបានជោគជ័យល្អប្រសើរ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹកណែនាំដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឲ្យបន្តខិតខំចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរថែមទៀត ។ ទន្ទឹមនឹងនោះត្រូវមានសាមគ្គីភាពសហការគ្នាបន្តអនុវត្តដោះស្រាយ បញ្ហាប្រឈម បញ្ហាតម្រូវការ ខ្វះខាត រួមនិងសេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងជំរុញពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេសត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នឹងបន្តចូលរួមបំផុសផ្សព្វផ្សាយការអនុវត្តវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ និងវិធានការដោះស្រាយផលប៉ះពាល់នានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពប្រសើរថែមទៀត។

អត្ថបទទាក់ទង