
ដោយមានការអញ្ជើញអមដំណើរ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន ១០៣០ គ្រួសារ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការផ្ដាំផ្ញើរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវការសាកសួរសុខទុក្ខនឹករលឹក ដោយការអាណិតអាសូរ និងសោកស្ដាយជាមួយប្រជាពលរដ្ឋចំពោះការខូចខាតទ្រព្យសម្បត្តិ ដែលរងគ្រោះដោយទឹកជំនន់។ តាមរយៈការផ្តាំផ្ញើសាកសួរសុខទុក្ខនេះ សម្ដេចទាំងទ្វេរ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់រូបជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ប្រការ ពិសេសចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ។ ដែលជានិច្ចកាលគ្រប់កាលៈទេសៈប្រជាពលរដ្ឋ និងប្រទេសជាតិជួបការលំបាក សម្ដេចទាំងទ្វេតែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនរើសអើង ឬ ទុកចោលឱ្យស្លាប់ដោយសារអត់ស្បៀងអាហារ ដោយមិនបានជួយដោះស្រាយឡើយ។
អំណោយមនុស្សធម៌របស់សាខាកាកបាទកម្ពុជាខេត្តកំពត បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០៣០គ្រួសារ រងគ្រោះដោយទឹកជំនន់ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ស្ករស១គក និងថវិកា ៤ម៉ឺនរៀល៕







