
ក្រោយពីស្ដាប់របាយការណ៍ស្វាគមន៍ របស់លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរួចមក ឯកឧត្តមជាវតាយ បានឡើងថ្លែងសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ "ទេសចរណ៍និងការអភិវឌ្ឍន៍ជនបទ" ។
ក្រោយមក ឯកឧត្តមអភិបាលខេត្ត បានមានមតិសំណេះសំណាល ក្នុងពិធីដ៏មានសារៈសំខាន់នេះថា ទីតាំងរមណីយដ្ឋានភ្នំកំពង់ត្រាចគឺជាទីកន្លែងដែលសមស្របសម្រាប់ប្រារព្ធពិធីទិវាទេសចរណ៍ពិភពលោក ជារមណីយដ្ឋានមានការទាក់ទាញភ្ញៀវទេសចរ ស្ថិតនៅតំបន់ជនបទ ស្របទៅនឹងប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តមបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំពង់ត្រាចនិងក្រុង ស្រុកដទៃទៀតនៃខេត្តកំពត យកចិត្តទុកដាក់លើការងារ អនាម័យនិងបរិស្ថាន នៅតាមរមណីយដ្ឋានទេសចរណ៍ និងនៅតាមទីកន្លែងផ្សេងៗក្នុងក្រុង ស្រុកឱ្យក្លាយជាពណ៌បៃតងដើម្បីឱ្យខេត្តកំពតទាំងមូលក្លាយជាទីក្រុងបៃតង ។
ពាក់ព័ន្ធនឹងផ្លូវចូលរមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាគម្រោងសាងសង់ផ្លូវបេតុង ដែលកន្លងមកបានសាងសង់រួចរាល់ 50% ហើយ នៅសល់ផ្លូវប្រវែងប្រហែលជាង ១ គីឡូម៉ែត្រទៀត មិនទាន់បានសាងសង់ ដូចនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នឹងសាងសង់សាងសង់ផ្លូវបេតុងដែលនៅសេសសល់នេះ ឲ្យបានរួចរាល់ជាស្ថាពរនៅមុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ ២០២១ ។
នៅចុងបញ្ចប់នៃពិធី ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ បានប្រមូលសំរាមជុំវិញរមណីយដ្ឋានភ្នំកំពង់ត្រាច ៕






