រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២

  • 236
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២។

បានអញ្ជើញចូលរួមក្នុងឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងកំពត លោកអភិបាលរងក្រុង នាយកទីចាត់ការ ប្រធានអង្គភាពចំណុះអង្គភាពសាលាខេត្ត លោកចៅសង្កាត់ ប្អូនៗសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ក្រុង និងបងប្អូនក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប យ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើងចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស ជាពិសេសសូមកុំជឿតាមការឃោសនាអកុសល្យទាំងឡាយ ដែលពួកគេមានបំណងបំផ្លាញនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។

ក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោងរបស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឲ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖
-គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ
-គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសាមគ្គីគ្នា យកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណីថ្លៃថ្នូររបស់ជាតិយើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នាទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង