រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រចំណីអាហារ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជម្ពូវន្ត ស្រុកជុំគិរី

  • 278
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រចំណីអាហារ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជម្ពូវន្ត ស្រុកជុំគិរី ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នែរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មចាប់តាំងពីឆ្នាំ ១៩៩៦ មករហូតដល់បច្ចុប្បន្ននេះមានរយៈពេលជាង ២៦ឆ្នាំមកហើយ ។ អាជីវ កម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺ អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ និង អាជីវកម្មចំណីអាហារ។

ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងចំណីអាហារជា ច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee។ ហើយបានផលិត និងផ្តល់ផលិតផល ព្រមទាំងសេវាកម្មទៅកាន់ ២៥ រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា និងមាន បុគ្គលិកទាំងអស់ជាង ២០០០នាក់ និងអតិថិជនជាង ១០០០ នាក់នៅគ្រប់ផ្នែកទាំងអស់។ ក្រុមហ៊ុនមានគោលបំណងផ្តល់អោយប្រជាជនកម្ពុជាអាចទទួលបាននូវចំណីអាហារដែលមានអនាម័យ និង សុវត្ថិភាពល្អ ដើម្បីអភិវឌ្ឍសង្គមដោយឈរលើមូលដ្ឋានគ្រឹះទំនួលខុសត្រូវចំពោះសង្គមជាតិ និង បរិស្ថាន។

រោងចក្រផលិតចំណីអាហារនៅខេត្តកំពត ក្រុមហ៊ុនស៊ី.ភី ដែលជាផ្នែកមួយនៃការលើកកម្ពស់ស្តង់ដារផលិតចំណីអាហារនៅកម្ពុជា។ ជាជំហានដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ផលិតផលចំណីអាហាររបស់កម្ពុជាឱ្យ មានការទទួលស្គាល់ទូទាំងពិភពលោក។ ជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជាក្នុងការទទួលបាន ផលិតផលចំណីអាហារប្រកបដោយអនាម័យ និងសុវត្ថិភាព ដែលផលិតក្នុងស្រុក។ លើសពីនេះ CP ក៏បានធ្វើអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដើម្បីចែក រំលែកបច្ចេកទេស និងចំណេះដឹងដល់និស្សិត ព្រមទាំងផ្តល់ឱកាសការងារទាក់ទងនឹងអាជីវកម្ម កសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។

អត្ថបទទាក់ទង