រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចុះជួបសំណេះសំណាលជាមួយកុមារ ក្នុងឱកាសនៃដំណើរការចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃដំបូងជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តកំពត

  • 350
  • ដោយ savuth

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យសកម្មភាព និងសំណេះសំណាលលើកទឹកចិត្តដល់កុមារា កុមារី ឪពុក ម្ដាយ អាណាព្យាបាល និងក្រុមគ្រូពេទ្យ នៅក្នុងឱកាសដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប្រកបដោយក្ដីសង្ឃឹម ថាថ្ងៃខាងមុខឆាប់ៗនេះកុមារនឹងបានចូលរៀនឡើងវិញ បន្ទាប់ពីសាលារៀនបានបិទអស់ជាច្រើនខែកន្លងមក។

ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សម្តេចក៏បានដាក់ចេញនូវគោលនយោបាយការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាការងារសំខាន់បំផុត ដើម្បីឈានទៅបើកដំណើរការសកម្មភាពប្រទេសឲ្យធម្មតាឡើងវិញ។

ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងជាជំហ៊ានបន្តបន្ទាប់ដល់ពលរដ្ឋគ្រប់រូប ដំបូងជូនដល់មនុស្សធំ(១៨ឆ្នាំឡើង), បន្ទាប់មកកុមារអាយុពី ១២ដល់ ក្រោម១៨ឆ្នាំ ហើយលើកទី៣នេះ សម្តេចផ្តល់ជូនដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចំនួនប្រមាណ១លាន ៨សែននាក់នៅទូទាំងប្រទេស ក្នុងនោះខេត្តកំពតមានចំនួនប្រមាណជាង៧ម៉ឺននាក់។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬឪពុក ម្ដាយអាណាព្យាបាលរបស់កុមារត្រូវជំរុញនាំកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំកុំធ្វេសប្រហែសឲ្យសោះ ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះតំណាងឪពុកម្ដាយអាណាព្យាបាល ដែលបានជូនកូនមកចាក់វ៉ាក់សាំង បានសម្តែងសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងដល់កូនរបស់ពូគគេ។ កុមារាកុមារីក៏បានបង្ហាញពីសេចក្តីអង់អាចក្នុងការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងថា ពួកគេភ័យបន្តិចបន្តួចដែរ តែដើម្បីការពារអាយុជីវិត និងឆាប់បានចូលរៀនឡើងវិញ ពួកគេត្រូវតែមកចាក់។

អត្ថបទទាក់ទង