រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់ណ្ដាល ក្នុងស្រុកទឹកឈូ

  • 891
  • ដោយ savuth

នៅព្រឹក.ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោល នៃការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែក កំពង់ណ្ដាលស្ថិតក្នុងឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់គោល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សំដៅធ្វើយ៉ាងណាឲ្យដំណើរការនៃការអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលនេះបានប្រព្រឹត្តទៅឲ្យបានលឿនឆាប់រហ័ស ផ្អែកលើសោភណ្ឌភាព លក្ខណៈបច្ចេកទេស និងច្បាប់អាចទទួលយកបាន ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះគឺជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងប្លង់គោលនៃគម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាល ដែលរដ្ឋបាលខេត្តកំពត មានគំរោងការអភិវឌ្ឍន៍យូរមកហើយ។ ដូច្នេះកិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាឲ្យដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័សដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍគម្រោងនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើសូមឲ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍតំបន់ឆ្នេរនេះ បានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ខេត្តកំពតបានកាន់តែរីកចំរើនបន្ថែមទៀត។

អត្ថបទទាក់ទង