រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ព្រះសង្ឃថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទខេត្តកំពតប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង

  • 633
  • ដោយ savuth

នៅថ្ងៃ១៥កើត ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទ នៃខេត្តកំពតបានប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅវត្តជុំគ្រៀល ឃុំជុំគ្រៀលស្រុកទឹកឈូ ខេត្តកំពត ។ ពិធីបុណ្យនេះក្រោមវត្តមាន បានអញ្ជើញ និងនិមន្តចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ លាង ហៃជាវ តាយ និងព្រះតេជគុណ ញ៉ែត ចន្ទ័តារា ព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ឋានានុក្រម រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្ត ពុទ្ធបរិស័ទក្នុងខេត្តប្រកបដោយសេចក្ដីគោរពនិងសទ្ធាជ្រះថ្លា។

ក្នុងពិធីបុណ្យនាឱកាសនោះបានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ព្រះសង្ឃពុទ្ធបរិស័ទបានថ្វាយគ្រឿងសក្ការៈបូជាទៀនធូប ផ្កាភ្ញី គោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម ព្រះបរមគ្រូនៃយើង គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍សម្ដែងនូវអនុមោទនាចែករំលែកកុសលផលបុណ្យទាំងនេះដល់ជនរួមជាតិ និងប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្ដីសុខគ្រប់ប្រការ ពិសេសសូមឱ្យចាកផុតពីជំងឺរាតត្បាតកូវីត១៩ និងបន្តរួមគ្នាអភិវឌ្ឍន៍កាន់តែមានភាពរីកចំរើនថែមទៀត ក្រោមម្លប់នៃសុខសន្តិភាពនិងគោលនយោបាយមាគ៌ាដឹកនាំដ៏ភ្លឺស្វាងរបស់សម្ដេច តេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ ព្រះសង្ឃ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ រួមគ្នាអត់ធ្មត់និងប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីត១៩ នេះដែលកំពុងយាយីដល់សុខភាពប្រជាពលរដ្ឋ ហើយប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន រួមនឹងថ្នាក់ដឹកនាំដទៃទៀតបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយនឹងជំងឺដ៏កាចសាហាវនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ រួមនឹងសហការីពុទ្ធបរិស័ទ ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងពិធីបុណ្យមានចំនួនសរុបជាង៦លានរៀល និងជូនទានដល់លោកយាយលោកតាចាស់ៗសរុបចំនួនជាង២លានរៀល រួមនិងឧបត្តម្ភដល់កងកម្លាំងនូវថវិកាចំនួន១លាន៦០ម៉ឺនរៀល។

អត្ថបទទាក់ទង