រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ចិញ្ចើមផ្លូវ និងប្រព័ន្ធលូក្នុងសង្កាត់កំពង់បាយក្រុងកំពត

  • 835
  • ដោយ savuth

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួម ពីអភិបាលក្រុងកំពត ចៅសង្កាត់កំពង់បាយ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញចុះពិនិត្យដល់ការដ្ឋានស្ថាបនាសាងសង់កែលម្អបន្ថែមផ្លូវ និងផ្លូវថ្មើរជើងអ្នកដំណើរ និងប្រព័ន្ធលូអមសងខាង ផ្លូវបេតុង លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងសង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ក្រុងកំពតខេត្តកំពត។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវបេតុង លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក (០,២៤ម៉ែត្រ)ដែលអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនCRBC ។

គម្រោងនេះ ក្រោយពីការស្ថាបនារួចរាល់ រដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបន្តការកែលម្អ សោភ័ណភាព អនាម័យបរិស្ថានតាមចិញ្ចើមផ្លូវ ដូចជាការកែលម្អប្រព័ន្ធលូ និងផ្លូវថ្មើរជើងអ្នកដំណើរ ព្រមទាំងគម្រោងដាំដើមឈើអមសងខាងផ្លូវបន្ថែមទៀតជាដើម។

នៅក្នុងដំណើរចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការគ្នា ក្នុងដំណើរការអនុវត្តគម្រោងស្ថាបនាកែលម្អតាមដងផ្លូវនេះឲ្យបានល្អ និងសម្រេចបានលទ្ធផលជោគជ័យ។ ពិសេសឲ្យមានការដាក់ប្រព័ន្ធលូ ឲ្យបានរួចរាល់ តាមស្តង់ដារបច្ចេកទេស ស្របគ្នានឹងការសាងសង់នេះដែរ ក៏ត្រូវជម្រុញឲ្យរួចរាល់ឆាប់រហ័ស ដើម្បីបញ្ចៀសការប៉ះពាល់ដល់មុខផ្ទះរបស់ប្រជាពលរដ្ឋយូរពេក៕

អត្ថបទទាក់ទង