រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតបានរៀបចំ កិច្ចប្រជុំពិភាក្សា លើទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារ ឧទ្យានជាតិ “ព្រះមុនីវង្សបូគោ”

  • 1.0ពាន់
  • ដោយ savuth


ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារ ឧទ្យានជាតិ “ព្រះមុនីវង្សបូគោ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រតិភូក្រសួងបរិស្ថាន ប្រធានមន្ទីរ អង្គភាពជំនាញកងកម្លាំងពាក់ព័ន្ធ អភិបាលក្រុង ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញសាលាខេត្ត សរុបចំនួន ៣០នាក់ ។

យោងតាមរបាយការណ៍របស់លោក ប្រធានមន្ទីរបរិស្ថានខេត្តកំពត អំពីការរៀបចំ និងការទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋឆ្វៀលដីនៅតំបន់ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយគិតចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ ២០២០ មន្ទីរបរិស្ថានទទួលបានពាក្យស្នើសុំពីប្រជាពលរដ្ឋចំនួន ៣.៣៨៦គ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ។

ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពតបានចូលរួមជាធាតុចូលសំខាន់ៗដើម្បីឲ្យអង្គប្រជុំ ពិភាក្សា ដើម្បីរកដំណោះស្រាយ ទី១៖ ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ ទី២៖ ដីព្រៃគ្មានដាំដំណាំដាំដុះ ទី៣៖ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤៖ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ ។

ក្រោយពីមានការចូលរួមពិភាក្សាពីអ្នកពាក់ព័ន្ធ អង្គប្រជុំបានសម្រេចដាក់ចេញជាគោលការណ៍មួយចំនួនដើម្បីឲ្យក្រុមការងារអនុវត្តបន្តរួមមាន៖
១. ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋ ត្រូវពិនិត្យឲ្យបានហ្មត់ចត់លើដីដែលអាស្រ័យផលជាក់ស្តែង មានដំណាំដាំដុះយូរណាស់មកហើយ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ។
២. ក្រុមការងារខេត្ត រៀបចំផែនទីចំនួនបី បង្ហាញពីទីតាំងដែលប្រជាពលរដ្ឋបានស្នើសុំសម្រាប់ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ដាច់ដោយឡែកពីគ្នា និងរៀបចំផែនទីររួមរបស់ខេត្ត ដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ។
៣. ឯកឧត្តមអភិបាល បែងចែកក្រុមការងារតូចៗចំនួន ៣ក្រុម ទទួលខុសត្រូវតាមក្រុង ស្រុកទាំងបី ដើម្បីពន្លឿនការងារនេះឲ្យបានឆាប់រហ័សទាន់ពេលវេលានិងមានប្រសិទ្ធភាព ។ ក្រុមការងារគួរមានសមាសភាពពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ពាក់ព័ន្ធ ។
៤. ស្នើសុំក្រុមការងារចុះដកបទពិសោធន៍ អនុវត្តការងារនៅឃុំ បឹងទូក ស្រុកទឹកឈូ មុនគេ ដើម្បីឲ្យក្រុមការងារទាំងអស់បានយល់និងយកទៅអនុវត្តតាមក្រុមនីមួយៗ ។ ការងារនេះស្នើសុំលោកប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរដែនដី នគររូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត រៀបចំផែនការចុះអនុវត្ត ។
៥. សុំឲ្យមានកិច្ចសហការបានជិតស្និទ្ធ រវាងក្រុមការងារថ្នាក់ក្រសួង ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពន្លឿនការអនុវត្តការងារនេះ ឲ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ។

អត្ថបទទាក់ទង