រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ​ តាយ​ អញ្ជើញពិនិត្យស្ថានភាពទឹកនៅដងព្រែកកំពង់បាយ

  • 792
  • ដោយ savuth

នាល្ងាចថ្ងៃសៅរ៍ ១កើត ខែកក្តិក ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានដឹកនាំកងកម្លាំង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ និងក្រុង​កំពត ស្រុក​ទឹកឈូ ដើម្បីពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ​ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូ។

ក្នុងដំណើរពិនិត្យស្ថានភាពទឹកនោះផងដែរ ឯកឧត្តម​ ជាវ​ តាយ​ បានអញ្ជើញពិនិត្យស្ពានដែកនៅក្នុងភូមិដណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានសភាពចាស់ទ្រុឌទ្រោម ហើយឯកឧត្តមបានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សហការជាមួយស្រុកទឹកឈូ ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​ និងដាក់អំពូលភ្លើងសូឡាបំភ្លឺពេលយប់ផងដែរ។

បន្ទាប់ពីពិនិត្យស្ពានរួចឯកឧត្តមបានបន្តដំណើរជួបសាកសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ។ ក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋបានសំណែងនូវអំណរសាទរចំពោះឯកឧត្តមអភិបាលខេត្តដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកពិនិត្យស្ថានភាពទឹកតាមដងព្រែក និងសាកសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកាយវិការទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាថ្នាក់ដឹកនាំខេត្តមិនព្រងើយកន្តើយចំពោះបងប្អូនឡើយ។ តំណាងបងប្អូនប្រជាពលរដ្ឋបានសំណូមពរ ឯកឧត្តម​ ជួយកែសម្រួលលូឆ្លងកាត់ផ្លូវដែលក្រុមជំនាញសាងសង់ផ្លូវបានដាក់ខ្ពស់ ធ្វើអោយទឹកមិនអាចហូរទៅព្រែកបានអាចបង្ករអោយលិចភូមិរបស់បងប្អូន ដែលកំណាត់ផ្លូវនេះជាគម្រោងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ប៉ុន្តែការអនុវត្តគម្រោងដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។

ឯកឧត្តម​ ជាវ​ តាយ​ បានទទួលយកនូវសំណើររបស់បងប្អូន​ ហើយនឹងពិភាក្សាជាមួយកងវិស្វកម្មដើម្បីធ្វើការកែសម្រួល។ បន្ទាប់មកឯកឧត្តមបានចែកមីមួយចំនួនជូនដល់បងប្អូន​ កូនក្មួយ​ នៅក្នុងភូមិ និងចែកថវិកាដល់កងកម្លាំងនគរបានវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១​ ម្នាក់ៗចំនួន៣០,០០០៛ ។

សូមជម្រាប​ថា​ដោយស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបង្កឲ្យទឹកហូរចូលអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនច្រើន រហូតដល់ក្រុមបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយធ្វើការបើកទ្វាររំដោះទឹកចំនួនមួយ ដែលមានកម្ពស់៣ម៉ែត្រ​ ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកកំពង់បាយមានការប្រុងប្រយ័ត្ន។ ប៉ុន្តែរហូតមកដល់ម៉ោង៧យប់នេះស្ថានភាពទឹកនៅក្នុងព្រែកកំពង់បាយមានលក្ខណៈធម្មតា មិនមានជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកកំពង់បាយឡើយ៕

អត្ថបទទាក់ទង