រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 4.0ពាន់
  • ដោយ SokMean

ទិដ្ឋភាពទូទៅ

ខេត្តកំពតស្ថិតនៅប៉ែកនិរតីជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជាមានចំងាយ១៤៨គមពីរាជធានីភ្នំពេញភ្ជាប់ដោយផ្លូវជាតិលេខ៣លេខ៣១ និងលេខ៣៣និងផ្លូវរថភ្លើង មកកាន់ក្រុងកំពតហើយមានព្រំប្រទល់៖

-ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

-ខាងកើតជាប់នឹងខេត្តតាកែវ

-ខាងត្បូងជាប់នឹងខេត្តកែបនិងប្រទេសវៀតណាម

-ខាងលិចជាប់នឹងខេត្តព្រះសីហនុនិងឈូងសមុទ្រថៃឡង់ត៏

បច្ចុប្បន្នមានផៃ្ទដីសរុប៤.៨៧៣,២គ.ម២ បែងចែកជាដែនដីរដ្ឋបាលចំនួន០៧ ស្រុកនិង០១ក្រុង មានចំនួន ៨៨ឃុំ, ០៥សង្កាត់ និង៤៨៨ភូមិ។ មានសណ្ឋានដី និងលក្ខណៈភូមិសាស្រ្តផ្សេងៗគ្នា៖

-ប៉ែកខាងកើតមានផៃ្ទដីរាបស្មើ ទទួលរងឥទិ្ធពលទឹកទន្លេមេគង្គនិងមានបណ្តាញផ្លូវទឹកហូរស្រោចស្រព សម្រាប់ដំណាំស្រូវម្រេចនិងដំណាំផ្សេងៗទៀត។

-ប៉ែកខាងជើងជាតំបន់ខ្ពង់រាប មានព្រៃរបោះ មានផ្ទៃដីធ្វើស្រែចម្ការហើយតំបន់មួយចំនួន ជាតំបន់ថ្មកំបោរសម្រាប់បម្រើការផលិតស៊ីម៉ង់ត៏និងកំបោរ។

-ប៉ែកខាងលិចជាតំបន់ភ្នំខ្ពស់ៗ ដែលមានឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់ការពារអភិរក្សធម្មជាតិ មានផ្ទៃដីសរុប១៥៤.៤៥៨ហិកតា។

-ប៉ែកខាងត្បូងជាផ្ទៃដីជាប់សមុទ្រ ដែលលាតសន្ធឹងតាមបណ្ដោយឆេ្នរមានប្រវែង៧៦គ.ម ដែលមានសក្តានុពលផលិតអំបិលលើផ្ទៃដី (ស្រែអំបិល) សរុប ៣.៦៧៥,៩៤ហិកតា ដែលផលិតអំបិលបានបរិមាណមធ្យមពី ១២២.៩០៤តោនក្នុងឆ្នាំ ២០១៤។

ការអភិវឌ្ឍខេត្ត ត្រូវពឹងផ្អែកលើសក្តានុពល និងធនធានធម្មជាតិ ដែលមានស្រាប់ជាចម្បង។ បច្ចុប្បន្ន ខេត្តមានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ការគ្រប់គ្រងគ្រោះ-មហន្តរាយការប្រែប្រួលអាកាសធាតុការគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។

២.១. ចក្ខុវិស័យ

ដើម្បីធ្វើការអភិវឌ្ឍខេត្តឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខេត្តបានដាក់ចេញនូវចក្ខុវិស័យ ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មូលដ្ឋាន និងជម្រុញឱ្យមាន អភិបាលកិច្ចល្អ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ចក្ខុវិស័យរបស់ខេត្ត ‹ប្រជាពលរដ្ឋខេត្តកំពតមានសុខភាពមាំមួន ជីវភាពធូរធារ មានសុវត្តិភាព មានចំណេះដឹង ជំនាញ បច្ចេកទេស រស់នៅក្នុងបរិស្ថានល្អ  រក្សាបាននូវវប្បធម៌ប្រពៃណីជាតិ បេតិកភណ្ឌ សាសនា មានការគោរពច្បាប់ និងមានសមធម៌› ។

២.២. គោលបំណងអភិវឌ្ឍន៍

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ខេត្តបានរៀបចំគោលបំណងអភិវឌ្ឍន៍ផ្អែកលើផ្នែកទាំងបួន ដូចខាង ក្រោម ៖ 

១-ផ្នែកសេដ្ឋកិច្ច៖ “បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការកែលម្អប្រព័ន្ធទិន្នន័យមូលដ្ឋាន ប្រព័ន្ធធារាសាស្រ្ដ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ លើកកម្ពស់ផលិតផល កសិផល សេវាកម្ម ឲមានបរិមាណនិងគុណភាពស្របតាមបទដ្ឋានបច្ចេកទេស”។

២-ផ្នែកសង្គមកិច្ច៖ “លើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយអត្រាឈឺ ស្លាប់មាតា ទារក កុមារ ជម្ងឺឆ្លង ជម្ងឺមិនឆ្លង និងការផ្គត់ផ្គងទឹកមានសុវត្ថិភាព ការអប់រំថែរក្សាអនាម័យ បង្កើនចំណេះដឹងនិងគុណភាពអប់រំ បង្កើតការងារនិងមុខរបរ ផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី លុបបំបាត់ការរំលោភបំពាន ការជួញដូរ និងអំពើហិង្សា យកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ ថែរក្សាមរតកវប្បធម៌ ការគោរពប្រតិបត្តិសាសនា និងផ្ដល់ព័ត៌មានឲបានទូលំទូលាយដល់ប្រជាពលរដ្ឋ”។

៣-ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយ៖ “កាត់បន្ថយសំណង់មិនរៀបរយនិងការរំលោភដីធ្លី ទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ បង្កើន គ្រប់គ្រងធនធានធម្មជាតិ ការបំពុលបរិស្ថាន ការត្រៀមបង្ការគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ  ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព”។  

៤-ផ្នែករដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ៖ “លើកកម្ពស់សមត្ថភាពធនធានមនុស្ស តាមរយៈការគ្រប់គ្រងនិងចាត់ចែងរដ្ឋបាល កន្លែងធ្វើការងារ ការអនុវត្ដនូវតួនាទីភារកិច្ច ច្បាប់សហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល ការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ និងការប្រើប្រាស់រដ្ឋបាលព័ត៌មានវិទ្យា ព្រមទាំងធានាបាននូវសន្ដិសុខ សុវត្ថិភាពសាធារណៈ អនុវត្តល្អគោលនយោបាយភូមិឃុំមានសុវត្ថិភាព”។

២.៣. គោលដៅអភិវឌ្ឍ

ដើម្បីឆ្លើយតបទៅនឹងគោលបំណងអភិវឌ្ឍរបស់ខេត្ត គោលដៅត្រូវបានរៀបចំឡើងដោយកំណត់នៅត្រឹមដំណាច់ឆ្នាំ ២០១៩ មានដូចខាងក្រោម ៖ 

១-ផ្នែកសេដ្ឋកិច្ច៖ 

• បង្កើនការយល់ដឹងពីការចិញ្ចឹម និងថែទាំសត្វ

• ជំរុញការអភិវឌ្ឍន៍ដំណាំស្រូវ

• ស្វែងរកទីផ្សារកសិផល

• គ្រប់ផ្លូវមានការជួសជុលកែលំអឡើងវិញ

• មានផ្លូវធ្វើដំណើរវាងក្រុង

• កែលម្អ និងថែទាំផ្លូវជនបទឱ្យមានគុណភាព

• មានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសហគមន៍ក្នុងការកែលម្អ និងថែទាំផ្លូវជនបទ

• ការងារសាងសង់ និងជួសជុលប្រភពទឹកបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ

• ទឹកដែលយកមកប្រើប្រាស់មានសុវត្ថិភាពខ្ពស់

• មានទឹកគ្រប់គ្រាន់អាចឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ

• ជំរុញអ្នកកាន់អាជ្ញាប័ណ្ណអគ្គិសនីគោរពតាមកិច្ចសន្យាផ្គត់ផ្គង់អគ្គិសនីឲបានសមស្របតាមលក្ខណៈបច្ចេកទេស និងតម្លៃកំណត់

• ប្រជាពលរដ្ឋនៅជនបទនឹងមានបង្គន់អនាម័យកើនឡើងជាងមុន

• ប្រជាពលរដ្ឋមានការយល់ដឹងទាក់ទងនិងបញ្ហាសុខភាពអនាម័យ

• សាងសង់ ជួសជុល និងស្ដារប្រព័ន្ធធារាសាស្រ្ដ ដើម្បីបម្រើការងារស្រោចស្រព

• កសិករមានការយល់ដឹងពីការប្រើប្រាស់ និងថែទាំប្រព័ន្ធធារាសាស្រ្ដ

• អន្ដរាគមន៍ជួយសង្គ្រោះដំណាំរបស់ប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិកើតមានឡើង

• ពង្រឹងការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធនឹងការងារគ្រប់គ្រង វិស័យធនធានទឹក

• ការអភិវឌ្ឍន៍មួយចំនួនត្រូវបានសិក្សាពីប្រភពទឹក និងប្រព័ន្ធជីវចម្រុះ

• ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សទៅតាមបច្ចេកវិទ្យាទំនើប

• បង្កើនសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស

• ម្ចាស់រោងចក្រ និងសិប្បកម្មមានចំណេះដឹងនិងជំនាញក្នុងការផលិតផលិតផលឲមានគុណភាពអនុលោមតាមស្ដង់ដារកម្ពុជា

• ម្ចាស់រោងចក្រនិងសិប្បកម្មមានការយល់ដឹងពីការអនុវត្តក្បួនផលិតកម្មល្អ និងអនាម័យល្អ

• ការឆ្លើយតបរបស់មន្រ្ដីជំនាញសិប្បកម្ម ឧស្សាហកម្មទាន់ពេលវេលា ជឿទុកចិត្តបាន

• មានការយល់ដឹងនិងគោរពច្បាប់ស្ដីពីវិស័យឧស្សាហកម្ម និងសិប្បកម្ម

• ម្ចាស់រោងចក្រ សិប្បកម្ម និងអាជីវកម្មយល់ច្បាស់ពីច្បាប់លើវិស័យឧស្សាហកម្ម និងសិប្បកម្ម

• ការឆ្លើយតបរបស់មន្រ្ដីជំនាញទាន់ពេលវេលា និងអាចទុកចិត្តបាន

• មានការផ្លាស់ប្ដូរបណ្ដាញទឹកស្អាតចាស់ទ្រុឌទ្រោមក្នុងក្រុង

• មានបណ្ដាញផ្គត់ផ្គង់ទឹកទៅតាមតំបន់ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់

• មានគម្រោងសាងសង់ប្រព័ន្ធផលិតកម្មទឹកស្អាត ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាម  រយៈអង្គការ JICA 

• អ្នកធ្វើអាជីវកម្មធនធានរ៉ែគោរពច្បាប់

• ពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីចុះត្រួតពិនិត្យបទល្មើសជីក កាយ ដឹកជញ្ជូនរ៉ែ ឱ្យបានទាន់ពេលវេលា

• ជំរុញអ្នកកាន់អាជ្ញាប័ណ្ណរ៉ែឲលើកផែនការតាមតម្រូវការរបស់អ្នកប្រើប្រាស់

• រមណីយដ្ឋាន និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយ ដ្ឋានមួយចំនួនត្រូវបានរៀបចំនិងអភិវឌ្ឍ

• គុណភាពសេវាទេសចរណ៍ភាគច្រើនត្រូវបានឆ្លើយតបនឹងសេចក្ដីត្រូវការទីផ្សារទេសចរណ៍

• មានធនធានមនុស្សសមស្របសម្រាប់បម្រើឲវិស័យទេសចរណ៍

• សម្ភារផ្សព្វផ្សាយទេសចរណ៍មានលក្ខណៈសម្បូរបែប

• ពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដល់អាជីវករ

• ជំរុញឱ្យសិប្បករមួយចំនួនហ៊ានផ្សព្វផ្សាយទំនិញរបស់ខ្លួន

• ប្រជាជនមានការយល់ដឹងច្បាស់ពីសេវាកម្មប្រៃសណីយ៍ និងទូរគមនាគមន៍

• បំពាក់ប្រព័ន្ធ Intenet នៅតាមបណ្ដាស្រុកឲបានទូលំទូលាយ

• បណ្ដាញសេវាកម្មប្រៃសណីយ៍មានលក្ខណៈទូលំទូលាយនៅតាមទីជនបទ

• ផ្ដល់ទិន្នន័យមូលដ្ឋានមានភាពច្បាស់លាស់

• មានការត្រួតពិនិត្យមុនបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័របានល្អិតល្អន់

• មានការតាមដានការប្រមូលទិន្នន័យរបស់មេភូមិ

២-ផ្នែកសង្គមកិច្ច៖ 

• លើកកំពស់ស្ថានភាពអាហារូបត្ថម្ភរបស់ស្រ្ដីនិងកុមារ

• លើកកំពស់ស្ថានភាពសុខភាពបន្តពូជ និង សុខភាពយុវវ័យ

• បង្កើនការការពារនិងព្យាបាលជម្ងឺអេដស៍

• បង្កើនការស្រាវជ្រាវ និង ព្យាបាលអ្នកជំងឺរបេង

• បង្កើនការការពារ និង ទប់ស្កាត់ការរាតត្បាតជំងឺគ្រុនចាញ់

• ពង្រីកសេវាទឹកនោមផ្អែម លើសឈម និងជម្ងឺបេះដូង

• បង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឌ ជាពិសេសប្រជាជនក្រីក្រ

• បង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលរបស់ប្រជាពលរដ្ឌក្រីក្រ

• ធ្វើយុទ្ធនាការគ្រប់រូបភាពប្រមូលកុមារឲចូលរៀនបានតាមចំណុចដៅរបស់ក្រសួងអប់រំ

• ពង្រឹងការអនុវត្តកម្មវិធីសិក្សាម៉ោងសិក្សា និងការជួយសិស្សរៀនយឺត ជួបការលំបាកឲចំគោលដៅ

• ឪពុកម្ដាយបានយល់ពីតម្លៃការអប់រំ ការសិក្សា

• ស្វែងរកការគាំទ្រពីអាណាព្យាបាល សហគមន៍ និងដៃគូរអភិវឌ្ឍ

• បង្កើនការអប់រំផ្សព្វផ្សាយឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅតាមសាលារៀន និងសហគមន៍

• ជំរុញគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូឱ្យយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមអនុវត្តលើការងារយុវជន កុមារ

• មន្រ្ដីអធិការកិច្ចរបស់មន្ទីរបានចុះអធិការកិច្ចទៀងទាត់

• បង្កើនសមត្ថភាពមន្រ្ដីអធិការកិច្ចរបស់មន្ទីរឱ្យយល់ច្បាស់ពីច្បាប់ស្តីពីការងារ

• កម្មករ និយោជិត និយោជក ជឿជាក់លើមន្រ្ដីដោះស្រាយវិវាទការងារ

• បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានពីវគ្គបណ្ដុះបណ្ដាល

• បង្កើនសម្ភារៈសម្រាប់បណ្ដុះបណ្ដាលមានសភាពទំនើបទាន់សម័យឱ្យបានតាមតម្រូវការទីផ្សារបច្ចុប្បន្ន

• គ្រូបណ្ដុះបណ្ដាលទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម

• ជំរុញការកសាង និងអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ

• ការផ្ដល់សេវាមុខរបរ និងការងារមានប្រសិទ្ធភាព និងឆ្លើយតបបានតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវា

• ពង្រឹងយន្ដការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីព័ត៌មានទីផ្សារការងារ

• បង្កើតមុខរបរពិតប្រាកដ

• ទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់

• ការចូលរួមមតិរបស់ស្រី្តក្នុងអង្គប្រជុំភាគច្រើនត្រូវបានបុរសគាំទ្រ 

• ថ្នាក់ដឹកនាំស្ថាប័ន និងសហគមន៍ជាបុរសមានការគាំទ្រលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យស្រ្តីចូលរួមក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត 

• ការទំនាក់ទំនងយេនឌ័រ និងឥរិយាបថបុរស-ស្រី្ត មានការ ចូលរួម និងគាំទ្រ 

• បុរសជាស្វាមីអាងអំណាចជាមេគ្រួសារត្រួតត្រា និងបង្ករអំពើហិង្សាក្នុងគ្រួសារ មកលើប្រពន្ធ និងកូន ត្រូវបានទប់ស្កាត់ 

• ការហូរចូលវីដេអូអាសអាភាស និងការចំលងវប្បធម៌បរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យាត្រូវបានកាត់បន្ថយ 

• មានការចូលរួមពីសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្វវៈ 

• ជំរុញផ្សព្វផ្សាយបន្ថែមទៀតពាក់ព័ន្ធនឹងច្បាប់ស្ដីពីអំពើហឹង្សាក្នុងគ្រួសារ ដើម្បីលុបបំបាត់អំពើហឹង្សាដែលតែងតែកើតមាននៅក្នុងគ្រួសារខ្មែរ

• ជំរុញផ្សព្វផ្សាយបន្ថែមទៀតពាក់ព័ន្ធនឹងច្បាប់ស្ដីពីគ្រឿងញៀន ដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន និងការនាំចូលគ្រឿងញៀនខុសច្បាប់

• ជម្រុញផ្សព្វផ្សាយបន្ថែមទៀតពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

• ប្រជាពលរដ្ឋនៅមូលដ្ឋានឲតម្លៃទៅលើសិល្បៈខ្មែរ

• សិល្បករភាគច្រើនបានប្រកបមុខរបរក្នុងស្រុក

• សិល្បករភាគច្រើនបានផ្ទេរចំណេះដឹងដល់យុវវ័យជំនាន់ក្រោយ

• បង្កើតជាកន្លែងសម្រាប់ផ្សព្វផ្សាយវប្បធម៌ខ្មែរ

• ប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ដឹងអំពីច្បាប់នៃការការពារនិងថែរក្សាសម្បតិ្ដបេតិកភណ្ឌ

• ប្រជាជនជួយការពារនិងថែរក្សារាល់ការជីកកកាយនិងបំផ្លិចបំផ្លាញវត្ថុបុរាណដោយជនទុច្ចរិត

• ប្រជាជនបានសហការក្នុងការការពារសម្បត្តិវប្បធម៌ជាតិ

• សាសនិកពុទ្ធសាសនាមានការយល់ដឹងធម៌វិន័យ តួនាទី ភារកិច្ច ក្រមសីលធម៌និងកិច្ចការរដ្ឋបាល

• ប្រជាពលរដ្ឋសាសនិកពុទ្ធសាសនា មានការយល់ដឹងពីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងសង្ឃប្រកាស

• គ្រូក្របខណ្ឌពុទ្ធិកសិក្សាមានការជ្រើសរើសបន្ថែម

• មន្ទីរមានអគាររដ្ឋបាលសម្រាប់មន្រ្តីបំពេញការងារ

• មានការផ្សព្វផ្សាយច្បាប់ សារាចរ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងធម្មការ និងសាសនាឲបានទូលំទូលាយដល់គ្រឹះស្ថានពាហិរសាសនា

• ប្រជាពលរដ្ឋសាសនិកពាហិរសាសនា មានការយល់ដឹងពីច្បាប់ សារាចរ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងធម្មការ និងសាសនា

• ធនធានមនុស្សក្នុងសាសនាមានចំណេះដឹង និងកាត់បន្ថយបាននូវអធិករណ៍នានា

• បង្កើនការផលិតកម្មវិធីវិទ្យុ

• បង្កើនការចូលចិត្តស្ដាប់វិទ្យុ

• បង្កើន និងពង្រឹងមន្រ្ដីជំនាញព័ត៌មាននៅតាមស្រុក

• មានមធ្យោបាយគ្រប់គ្រាន់សម្រាប់មន្រ្តីព័ត៌មាន

• បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការប្រមូលទិន្នន័យកុមាររងគ្រោះ និងងាយរងគ្រោះបានគ្រប់ជ្រុងជ្រោយ

• បង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការការប្រមូលទិន្នន័យកុមាររងគ្រោះ និងងាយរងគ្រោះបានគ្រប់ជ្រុងជ្រោយ

• ការគ្រប់គ្រងរបស់អាណាព្យាបាលបានដិតដល់

• ការគ្រប់គ្រងរបស់សមត្ថកិច្ចបានគ្រប់ជ្រុងជ្រោយ

• ការចូលរួមពីសហគមន៍បានល្អ ក្នុងការផ្ដល់ព័ត៌មានអំពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន

• ទប់ស្កាត់ជនអនាថា ដែលចំណាកស្រុកមកពីខេត្តផ្សេងៗ (ចំណូលស្រុក)

• មានបណ្ឌលសម្រាប់ធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

• មានមណ្ឌលសម្រាប់សំចតក្នុងការប្រមូលព័ត៌មាន

៣-ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយ 

• ពង្រឹងការយល់ដឹងផ្នែកច្បាប់ភូមិបាលដល់ប្រជាពលរដ្ឋ

• ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងអនុវត្តច្បាប់ភូមិបាល

• កាត់បន្ថយការរំលោភកាន់កាប់ដីធ្លីខុសច្បាប់

• ជំរុញការដោះស្រាយវិវាទដីធ្លីឲមានប្រសិទ្ធភាពខ្ពស់

• ពង្រឹងការអនុវត្តច្បាប់ស្ដីពីការសាងសង់សំណង់ និងបទដ្ឋានបច្ចេកទេសលើការសាងសង់សំណង់

• ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា

• សំណង់ភាគច្រើនរៀបរយតាមបទដ្ឋានបច្ចេកទេស

• បង្កើនការយល់ដឹងពីសារៈសំខាន់ព្រៃកាងកាង ស្មៅសមុទ្រ និងផ្កាថ្មឲបានទូលំទូលាយ

• ព្រៃកាងកាង ស្មៅសមុទ្រនិងផ្កាថ្មត្រូវបានការពារថែទាំ ពី សកម្មភាពនេសាទ ការអភិវឌ្ឍតំបន់ឆ្នេរ ការប្រែប្រួលគុណភាពទឹក

• បង្កើនផលស្តុកជលផលធម្មជាតិ

• បង្កើនមុនរបរបន្ថែមដល់ប្រជាសហគមន៍នេសាទ

• លើកកម្ពស់ការយល់ដឹងពីច្បាប់និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធការគ្រប់គ្រងជលផល

• ការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបានទាន់ពេលនិងមានប្រសិទ្ធភាព

• បោះបង្គោលព្រំប្រទល់ដែនព្រៃឈើជាសញ្ញាសំគាល់ច្បាស់លាស់

• កាត់បន្ថយបានទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំងប្រជាពលរដ្ឋនិងរដ្ឋ ក្រុមហ៊ុននិងប្រជាពលរដ្ឋ

• អភិរក្សធនធានសេនេទិចនិងបង្កើតជាចំការពូជឈើសម្រាប់ប្រមូលពូជដែលមានដោយកម្រ និងឈើសំណង់និងបង្កើតថ្នាលបណ្តុះ

• បង្កើនការយល់ដឹងជាសាធារណៈអំពីច្បាប់និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ ស្តីពីព្រៃឈើ ដើម្បីឲមានការគោរពច្បាប់ជាទូទៅ

• ទប់ស្កាត់ បង្រ្កាបនិងលុបបំបាត់សកម្មភាពបទល្មើសព្រៃឈើគ្រប់ប្រភេទ រៀបចំលិខិតបទដ្ឋានផ្សេងៗដើម្បីគាំទ្រដល់ការអនុវត្តច្បាប់

• ការកំណត់តំបន់សក្តានុពលសហគមន៍ព្រៃឈើ

• ការរៀបចំបង្កើតសហគមន៍ព្រៃឈើ ដើម្បីធានាដល់ការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយសមធម៌និងប្រជាធិបតេយ្យ

• បង្កើនការយល់ដឹងពីសារៈប្រយោជន៍នៃព្រៃឈើដល់សិស្សានុសិស្សនៅតាមបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល៍យ បានទូលំទូលាយ

• លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធចំរោះសំអាតសំណល់រាវ

• ប្រពន្ឋ័លូសាធារណៈត្រូវបានសំអាត និងមានដំណើរការល្អ

• លើកកម្ពស់សោភ័ណ្ឌភាពទីសាធារណៈ និងការពារគុណភាពទឹកសាធារណៈ

• កាត់បន្ថយការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងតំបន់ការពារ

• កាត់បន្ថយការដកហូតធនធានធម្មជាតិរបស់ប្រជាជន

• ទប់ស្កាត់ហេតុប៉ះពាល់បរិស្ថានក្នុងខេត្ត

• ទប់ស្កាត់បទល្មើសព្រៃលិចទឹកតាមតំបន់ឆ្នេរ

• ពង្រឹងវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

៤-ផ្នែករដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

• មន្រ្តីមានសមត្ថភាពគ្រប់គ្រាន់

• ការបែងចែកការងារទៅតាមជំនាញ

• ការគ្រប់គ្រងដីសាធារណៈបានល្អ និងមានការចូលរួមសហការល្អពីប្រជាពលរដ្ឋក្នុងការសហការរៀបចំសួនសាធារណៈ

• មានបង្គោលភ្លើងបំភ្លឺ

• ធនធានមនុស្សសមស្រប

• មានការទទួលខុសត្រូវខ្ពស់របស់ក្រុង ស្រុក និងឃុំ សង្កាត់

• មន្រ្ដីយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច

• មន្រ្ដីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច

• មន្រ្ដីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ

• ការប្រើប្រាស់មន្រ្ដីតាមជំនាញ

• បង្កើនការផ្សព្វផ្សាយពីច្បាប់សហលក្ខន្ដិកៈមន្រ្ដីរាជការ និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្ដីរាជការស៊ីវិល

• ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍

• មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ

• ល្បែងស៊ីសងមានការថយចុះ

• មានការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន

• កន្លែងចែកចាយគ្រឿងញៀនមានការថយចុះ

២.៤. យុទ្ធសាស្ដ្រអភិវឌ្ឍន៍

យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាមធ្យោបាយឬវិធីសាស្ដ្រ ដើម្បីសម្រេចគោលបំណងនីមួយៗ។ ការកំណត់យុទ្ធសាស្ដ្រ ផ្អែកលើធនធាន តម្រូវការ និងដំណោះស្រាយជាអាទិភាពនានារបស់ខេត្ដ។ ខាងក្រោមនេះ ជាតារាងក្របខ័ណ្ឌ អភិវឌ្ឍន៍ ដែលបង្ហាញពីយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ខេត្ត ។